ក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់ Nokia និង Microsoft បានចុះកិច្ចព្រមព្រៀងប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows Phone នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia រយៈពេល ៥ឆ្នាំ ដែលនឹងផុតកំណត់នៅចុងឆ្នាំ ២០១៦។
មកដល់ពេលនេះ មានព័ត៌មានជាច្រើនបានចាប់ផ្ដើមលើកយកបញ្ហាមួយមកវិភាគ ដែលបញ្ហានោះគឺថា តើក្រុមហ៊ុន Nokia អាចនឹងប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីបន្តទៀតទេ នៅពេលផុតកិច្ចព្រមព្រៀង?
ប្រភពមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Nokia អាចនឹងជ្រើសរើសយក Android សម្រាប់ជាប្រព័ន្ធដំណើរការថ្មី ប៉ុន្តែមិនបានបោះបង់ចោល Windows Phone ឡើយ។ ចំណែកអ្នកខ្លះទៀតបាននិយាយថា Nokia អាចនឹងបោះបង់ Windows Phone ព្រោះថា តម្លៃនៃប្រើប្រាស់អាជ្ញាប័ណ្ណ Windows Phone មានតម្លៃថ្លៃ ពោលគឺស្ទើរតែស្មើនឹងពាក់កណ្ដាលនៃប្រាក់ចំណេញដែល Nokia ទទួលបាន។
គួរបញ្ជាក់ផងដែរថា កាលពីត្រីមាសមុន ក្រុមហ៊ុន Nokia បានបង់ប្រាក់ចំនួន ២៥០លានដុល្លារអាមេរិក ឲ្យ Microsoft ក្នុងការប្រើអាជ្ញាប័ណ្ណ Windows Phone៕