ក្រុមហ៊ុន Microsoft Corp នឹងនាំយកហ្គេម “Age of Empires” ទៅលេងនៅលើ iPhone និងស្មាតហ្វូនផ្សេងទៀត ដែលការនាំយកនេះ ស្ថិតក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុនផលិតហ្គេមជប៉ុន Klab Inc។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានរកឃើញនូវយុត្តិសាស្ត្រទីផ្សារថ្មី ដោយបានសម្រេចចិត្តនាំយកនូវហ្គេម Age of Empires ដែលបច្ចុប្បន្នកំពុងតែពេញនិយមនៅលើឧបករណ៍ហ្គេម Xbox និងកុំព្យូទ័រ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Microsoft មានបំណងចង់នាំយកនូវហ្គេម Age of Empires សម្រាប់ប្រព័ន្ធដំណើរការ iOS និង Android ដែលក្នុងនោះក៏មិនភ្លេចផងដែរ Windows Phone ដែលជាប្រព័ន្ធដំណើរការទូរស័ព្ទរបស់ខ្លួន។
យោងតាមសម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Klab បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែផលិតហ្គេម Age of Empires ប៉ុន្តែនៅមិនទាន់កំណត់កាលបរិច្ឆេទនៃការចេញនោះទេ។
ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft វិញ បាននិយាយថា ហ្គេមមួយនេះ នឹងដាក់ឲ្យលេងបាននៅលើ iPhone និងស្មាតហ្វូនដែលប្រើប្រាស់ Android ហើយក៏នឹងមានសម្រាប់ Windows Phone ផងដែរ៕