សហរដ្ឋអាមេរិក បានកាត់ជំនួយទៅឲ្យអេហ្ស៊ីប ក្រោយពេលប្រទេសនេះ បានបណ្តេញ ប្រធានាធិបតី មូហាម៉េដ មូស៊ី ចេញពីតំណែង និងការបង្ក្រាបដោយ កងកម្លាំងគាំទ្ររដ្ឋាភិបាល មកលើប្រជាជន។
ការកាត់ផ្តាច់នេះ អាចនឹងមានចំនួនរាប់លាន ដុល្លារអាម៉េរិក ប៉ុន្តែលទ្ធផលចុងក្រោយ យ៉ាងណានោះ គេនៅ មិនទាន់ប្រកាស នៅឡើយទេ។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៣។
លោក ចេយ ខានី ប្រធានព័ត៌មានសេតវិមានអាមេរិកបាននិយាយថា “យើងនឹងប្រកាសអំពីជំនួយ ទំនាក់ទំនង អនាគតរបស់យើង ទៅថ្ងៃអនាគត ជាមួយអេហ្ស៊ីប នៅពេលមួយ ហើយពេលនេះ យើងបានទាក់ទង តាមផ្នែកការទូត និងជូនដំណឹងជា លាយលក្ខណ៍អក្សរទៅសភាផងដែរ”។
“យើងនឹងបន្តការគាំទ្រសម្រាប់លទ្ធិប្រជាធិបតេយ្យអន្តរកម្ម និងប្រឆាំងចំពោះអំពើហិង្សា ដើម្បីដោះស្រាយបញ្ហាជាច្រើនក្នុងប្រទេស អេហ្ស៊ីប ចំណែកទំនាក់ទំនងជាមួយរដ្ឋាភិបាលអេហ្ស៊ីប ក្នុងនោះ រួមមាន កិច្ចសង្គ្រោះអេហ្ស៊ីបមួយចំនួន នឹងនៅតែបន្ត”។ នេះជាសម្ដីរបស់លោក ខានីបានបន្តឲ្យដឹង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា “យើងត្រូវ តែពន្យារសកម្មភាពជាមួយអ្វីដែលយើងបានមើលឃើញ កាលពីប៉ុន្មានខែមុននេះ។ យើងមានភាពប្រាកដ ច្បាស់លាស់ ហើយរឿងដែលបានកើតឡើងកាលពីប៉ុន្មានខែមុននេះ គឺមិនអាចទទួលយកបាន”។
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា អាមេរិក នឹងផ្អាកបញ្ជូនជំនួយលើប្រព័ន្ធយោធាកម្រិតធំធេងមួយ ព្រម ទាំងជំនួយប្រាក់សុទ្ធទៅឲ្យប្រទេស អេហ្ស៊ីប រហូតដល់អេហ្ស៊ីប មានដំណើរមួយដែលអាចទទួលយកបាន តាម រយៈការបង្កើតឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
គួរបញ្ជាក់ផងដែរថា អាមេរិក នឹងនៅតែផ្តល់ជំនួយសុខភាព និងការអប់រំ និងប្រាក់ សម្រាប់ជួយដល់ប្រព័ន្ធសន្តិសុខ អេហ្ស៊ីប៕