នៅថ្ងៃអាទិត្យម្សិលមិញនេះ ធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណ ដែលមានតម្លៃ ៤,៧ពាន់លានដុល្លារអាមេរិក ដែលកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជំរុញឲ្យពាណិជ្ជកម្មទ្វេភាគី និងជួយទប់ស្កាត់ការប្រែប្រួលតម្លៃរូបិយប័ណ្ណ។
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយបានឲ្យដឹងថា កិច្ចព្រមព្រៀងចុងក្រោយនេះនឹងផ្តល់លទ្ធភាពដល់ប្រទេស កូរ៉េខាងត្បូង និងម៉ាឡេស៊ី នៅតំបន់អាស៊ីនេះ ទិញ និងទិញត្រឡប់វិញនូវរូបិយប័ណ្ណរបស់ប្រទេសនីមួយៗ រហូតដល់ចំនួន ៤,៧ពាន់លានដុល្លារដុល្លារអាមេរិក ។
ធនាគារកណ្តាលនៃប្រទេសទាំងពីរបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា កិច្ចព្រមព្រៀង ដែលមានសុពលភាពរយៈពេល ៣ឆ្នាំ និងអាចចុះហត្ថលេខាជាថ្មីឡើងវិញនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ក្រុមហ៊ុននានាក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីធ្វើជំនួញ ដែលនាពេលកន្លងមកធ្លាប់តែទូទាត់ជាប្រាក់ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែតុលានេះ កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណ ជាមួយប្រទេសឥណ្ឌូនេស៊ី ដែលគិតជាទឹកប្រាក់មានចំនួន ១០ពាន់លានដុល្លារអាមេរិក ហើយក៏បានចុះហត្ថលេខា ជាមួយនឹងប្រទេសអេមីរ៉េតអារ៉ាប់រួម ចំនួន៥,៤ពាន់លានដុល្លារ ផងដែរ៕