បំណែក​យាន​អវកាសរបស់​រុស្ស៊ី​​​​​ធ្លាក់​លើ​ដីកម្ពុជា​ឬទេ?

រហូត​មកដល់ម៉ោង​៥ល្ងាច​ថ្ងៃទី១៥ មករា ​មិន​មាន​ព័ត៌មាន​ណាមួយ​ត្រូវ​បាន​​​ប្រកាស​ឱ្យ​​ដឹង​ពីបំណែក​​យានអវកាស​​​ រុស្ស៊ី​​​ធ្លាក់មក​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ​។ ទោះ​បីជា​បែបណា ​​បើ​យោងតាម​​ការ​ប្រកាស​របស់​​​ក្រសួងមហា​ផ្ទៃ​​​ដែល​តាម​​ព័ត៌មាន​ផ្តល់​ ដោយ​​​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី​​​​ថា បំណែក​យាន​​​អវកាស​នោះនឹងធ្លាក់​ចុះ​មក​​កាន់​​​​​ផែន​ដី​​​នៅ​ចន្លោះ​​ពេល​ ​​ពីថ្ងៃទី១៤ មករា ដល់ម៉ោង​៧​​យប់​ថ្ងៃទី១៦ មករា នេះ។ ​ដូច្នេះ​​គឺ​នៅ​រយៈ​ពេល​១​ថ្ងៃទៀត ​​​ដែល​​បំណែកនៃ​យាន​​​អវកាស​​ត្រូវ​ធ្លាក់​ចុះ ។

ការប្រកាសរបស់​ក្រសួង​​​មហា​ផ្ទៃ​កាលពី​ថ្ងៃទី ១៤ មករា​ ​បាន​ឱ្យ​ដឹង​ថា ​បំណែក​យាន​​​អវកាស​​ដែលធ្លាក់មក​​​  គឺ​ស្ថិត​នៅក្នុង​រង្វង់​​តំបន់​មួយ​នៃ​ដែនដី​​ ដែលក្នុងនោះ​មានប្រទេស​កម្ពុជា​​​ផង​
ដែរ ។ លទ្ធភាព​​នៃ​បំណែក​​យាន​អវ​កាស​ដែល​ធ្លាក់មក​លើទឹកដី​កម្ពុជានោះ​ គឺ​តិចតួច​ទេ ។ ការ​ជូនព័ត៌មាន​​ខាង​លើនេះ គឺដើម្បី​​​ឱ្យសា​ធា​រណ​ជន​​មានការប្រុង​ប្រយ័ត្នខ្ពស់​នៅ​គ្រប់​ទី​​កន្លែង ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ និង​ចៀស​វាង​​ការ​ភ្ញាក់​ផ្អើល ។ ​ជាការ​កត់សម្គាល់​សម្រាប់​ប្រទេស​កម្ពុជា កម្រមានបាតុភាព​ពី​វត្ថុដែលធ្លាក់​ពី​លើ​មេឃមកណាស់ តែកាលពីពេលថ្មីៗនេះ​ក៏មាន​​​នូវបំណែក​​​ចម្លែក​ជាច្រើនផ្ទាំង​បានធ្លាក់​មក បន្ទាប់ពី​មាន​សំឡេងផ្ទុះនៅលើ​​មេឃ ហើយ​​ភូមិសាស្ត្រ​​​ដែលជួបហេតុការណ៍​វត្ថុ​​​​​ចម្លែក​​​ធ្លាក់ពីលើ​​មេឃនោះ ​ គឺ​ខេត្ត​ព្រះវិហារ​​ដែល​ករណី​ទី១ ត្រូវបានប្រកាសថា ជា​បំណែក​​យន​្ត​ហោះ​​​ស៊ើបការណ៍គ្មានមនុស្ស​​បើក ។ ចំណែក​ការ​ធ្លាក់​លើកទី២ ​មិនមានការប្រកាសជាផ្លូវការឱ្យ​​ដឹងទេ ​តែ​នៅប្រទេស​​ថៃ​ ដែល​បំណែក​​បានធ្លាក់​ដែរនោះ បាន​ប្រកាសថា ជា​ផ្កាយរណប ។

ទាក់​ទិន​នឹង​ការ​ប្រកាសថ្មី​បំផុតនេះ ​ពីការ​​ធ្លាក់​យានអវកាស​​​​របស់​រុស្ស៊ី​​មក​លើ​​​ទឹកដី​កម្ពុជា​​​​ នៅចន្លោះ​​​ថ្ងៃទី១៤-១៥ និង​១៦​ មករា ​ក៏វា​​​​ស្រប​​គ្នាដែល​កាលពី​​ប្រមាណ១​ខែ​​មុន រុស្ស៊ី​​បាន​បាញ់បង្ហោះ​យានអវកាស​មួយ​ ដើម្បី​​បញ្ជូន​គ្រឿង​សម្ភារ​ផ្គត់​ផ្គង់​ទៅ​កាន់​ស្ថានីយអវកាស​អន្តរជាតិ​​ ​ តែ​ការបាញ់​​ត្រូវបរាជ័យ​​ដោយ​យាន​អវកាស​នោះបានផ្ទុះ​​ពេលហោះផុតពី​​​ទំនាញ​ ​ផែនដី ។

យានអវកាសរុស្ស៊ីដែលទទួលបរាជ័យក្នុង​បេសកកម្ម ដែលបានជាប់នៅក្នុងតារាវិថីបន្ទាប់​ពីរ៉ុក្កែតជំនួយ​​បរាជ័យ​ ក្នុងការផ្តាច់ចេញនោះ ត្រូវបានគេរំពឺងថា នឹងធ្លាក់ត្រឡប់មកកាន់ភព​ផែន​ដី​វិញនៅថ្ងៃអាទិត្យ លើសមុទ្រឥណ្ឌា ក្បែរ​តំបន់​មាដាហ្គាស្ការ ។

យានចម្លងPhobos-Grunt ដែលជាយាន បំពេញបេសកកម្ម​​នៅទី​អ​វ​កាស​របស់​រុស្ស៊ី​ដ៏​អស្ចារ្យ​ ក្នុងរយៈពេលមួយទសវត្សនោះ ត្រូវ​បំពេញ​​បេសក​កម្ម ប្រមូលយកដីពី​អាចម៍​ផ្កាយ​Martian Moon Phobos​​ត្រឡប់មក​កាន់​ផែនដីវិញដើម្បីអាចឲ្យអ្នកវិទ្យាសាស្ត្រសិក្សា​ ស្រាវជ្រាវពីហ្សេនេទីកនៃប្រព័ន្ធព្រះអាទិត្យ ។ យាននេះត្រូវ​បាន​គេ​បាញ់​បង្ហោះ​​​កាល​ពី​ថ្ងៃទី៨ វិច្ឆិកា ។

ក្តីបារម្ភដ៏ខ្លាំងនៃការធ្លាក់ចុះនោះដោយសារ ក្នុងទម្ងន់​របស់យានអវកាស១៤តោននោះ មាន​សាំងរ៉ុក្កែតអុកស៊ីទម្ងន់​១១តោន។ តែកន្លែង​បញ្ជា​​ការនៅតែមានជំនឿថា បំណែកយានអវ កាសទាំងអស់នឹងបែកបាក់ពេលចូលក្នុងដែនលំហអាកាសផែនដី។ ​សាំងដែលមាននៅ​ក្នុង​ធុង​សាំងនឹងត្រូវទទេស្អាតដោយសារសីតុ​ណ្ហ​​ភាព​ កំដៅធ្លាក់ចុះ ។ ​សម្រាប់​យានអវ​កាស​ពេល​ចូល​ដែន​អវកាសផែនដី វា​នឹងឆេះ ហេតុនេះ​ក៏​គ្មាន​​​ជា​ក្តីបារម្ភអ្វីនោះដែរ។

តែមានអ្នកជំនាញខ្លះជឿថា ប្រេងអាច​កក​ទៅហើយ​ ហើយពេលចូលដែន​ដីវា​នឹង​រាវ​ឆេះ​វិញ ​ហើយអាចគំរាមកំហែងយ៉ាងខ្លាំង​ប្រសិន​បើវាខ្ចាយចេញទៅលើតំបន់មាន​ប្រជា​ជន​រស់ ​នៅ ។
យោង​តាមការផ្លាស់ប្តូរនៃបរិយាកាស ខាងលើនៃផែនដី ដែលទទួល​រងឥទ្ធិ​ពល​​ខ្លាំង​ពីព្រះអាទិត្យនោះ​​ម៉ោងជាក់លាក់ និង​កន្លែង​ពិតប្រាក​ដ​នៃការត្រឡប់ចូល​ផែន​ដី​របស់​យានអវកាសមានការ​ លំបាកក្នុងការព្យាករណ៍។

ការព្យាករណ៍លើ​ក​មុនថា នៅថ្ងៃសុក្រ នឹងធ្លាក់មកលើមហាសមុទ្រអាត្លង់ទិក ខាងកើត​នៃ​ប្រទេសអាហ្សង់ទីន នៅម៉ោងប្រហែល​៣​និង​២២នាទី ។  តែ​នៅ​ថ្ងៃ​ទី​១៥ មក​រា ត្រូវបានគេ​ព្យា​ករណ៍​ថា​នឹង​ធ្លាក់​នៅថ្ងៃអាទិត្យ លើ​សមុទ្រ​ឥណ្ឌា ក្បែរ​តំបន់​ម៉ាដាហ្កាស្ការ ។

នេះ​​ជាយានអវកាសធំទី៣ ក្នុងពិភព​លោក​ដែល​បានធ្លាក់ចុះគិតចាប់ពីខែកញ្ញា គម្រោង​ការក្នុង​ការ​សាងសង់យានចម្លងPhobos-Grunt​ មានតម្លៃ១៧០លានដុល្លារ ដែល​នេះ​ជា​គម្រោ​ងថ្លៃបំផុត និងមានមហិច្ឆតា​ធំ​បំផុត​គិត​ចាប់ពីសម័យសហភាពសូវៀតដួល​រលំ​មក ។

ការភ័យខ្លាចដ៏ធំពីបណ្តាប្រទេសនានាចំពោះ យានអវកាសនោះព្រោះមានផ្ទុកសារធាតុផ្លុយ​​ តូនីញ៉ូមទំងន់២០០ក្រាមដែលជាសារធាតុមួយ​នៃសារធាតុវិទ្យុសកម្ម ៕