ជួបគ្នានៅភ្នំពេញ​ ១៦​ក្រុម​ចុងក្រោយ​ ​សម្រាប់ Hun Sen-Cup

ក្រុមបាល់ទាត់​ចំនួន ៥ បាន​រកឃើញ​ហើយ​តាមរយៈ​ការប្រកួត​ជម្រុះ​នៅ​ដំណាក់កាល​ទី ១ នៃ​តំបន់​ទាំង ៥​ ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ ។​

​ក្រុម​ទាំង ៥ រួមជាមួយ​ក្រុម League ​ចំនួន ៨ ទៀត​បានតែ​១៣​ក្រុម​ប៉ុណ្ណោះ ។​បញ្ហា​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ជ្រើសរើស​ក្រុម​ ចំណាត់ថ្នាក់​លេខ ២​ ក្នុងការ​ប្រកួត​ជម្រុះ​នៅ​តំបន់​ទាំង ៥ ​ទាំង ៥ ក្រុម​មក​ធ្វើការ​ប្រៀបធៀប​ពិន្ទុ​គ្នា​ដើម្បី​រើសយក ៣​ក្រុម​ដែលមាន​ពិន្ទុ​ប្រសើរ​ជាងគេ​មក​បង្គ្រប់ ១៦​ក្រុម ។​

​    ​ចំពោះ​ចំណាត់ថ្នាក់​លេខ ១​ នៃ​តំបន់​ទាំង ៥​ដែល​បាន​ចូល​លេង​បន្ត​វគ្គ​១៨​ក្រុម​ដោយ​ស្វ័យប្រវត្តិ​នោះ ​មាន​តំបន់​ខាង​កើត​គឺ​ក្រុម​ចំការកៅស៊ូ​បឹងកេត​ខេត្តកំពង់ចាម ។ តំបន់​កណ្ដាល​ដែល​លេង​នៅ​ខេត្តសៀមរាប​ គឺ​សាកលវិទ្យាល័យ​អាស៊ី​ អឺ​រុ​ប តំបន់​ខាងលិច​ដែល​លេង​នៅ​ខេត្តកំពង់ឆ្នាំង គឺ​ខេត្ត​ប៉ៃលិន  ។ ​តំបន់​ខាងជើង​លេង​នៅ​ខេត្តក្រចេះ​បាន​ទៅ​ក្រុម​ខេត្ត​ស្ទឹងត្រែង និង តំបន់​ខាងត្បូង​លេង​នៅ​ខេត្តកោះកុង​បាន​ទៅ​ខេត្តកោះកុង ។​

​    ​ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ នៃ​តំបន់​ទាំង ៥​ដែល​យកមក​ប្រៀបធៀប​ពិន្ទុ​ដើម្បី​រក ៣​ក្រុម​ទៅ​បង្គ្រប់ ១៦​ក្រុម​នោះ​ មាន​ខេត្តកំពត លេខ ២​ តំបន់​ខាងត្បូង ខេត្តសៀមរាប លេខ​២​តំបន់​កណ្ដាល ឆ្មា​ខ្មៅ​ខេត្តស្វាយរៀង​លេខ​២​តំបន់​ ខាងកើត ក្រចេះ​លេខ​២​តំបន់​ខាងជើង និង បាត់ដំបង​លេខ ២​តំបន់​ខាងលិច ។​

​    ​បន្ទាប់ពី​ការប្រៀបធៀប​មក​នោះ ៣​ក្រុម​ដែលមាន​ពិន្ទុ​ល្អ​ជាងគេ​ ហើយ​បាន​ចូលរួម​លេង​បន្ត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ គឺ​ខេត្តកំពត​លេខ ២ មកពី​តំបន់​ខាងត្បូង បាត់ដំបង​លេខ​២​មកពី​តំបន់​ខាងលិច និងខេត្តក្រចេះ​លេខ ២​មកពី​តំបន់​ខាង​ជើង ។​

​    ​ពេលនេះ​ក្រុម​ទាំង ១៦​ដែល​ត្រូវ​លេង​ចុងក្រោយ​នោះ​មាន ៨​ក្រុម​ដែល​លេង​ក្នុង ​League គឺ ភ្នំពេញ​ក្រោ​ន ព្រះ​ ខ័ន​រាជ  Naga corp ក្រសួងការពារជាតិ គីរីវង់​សុខ​សែន​ជ័យ បៀ​ល​ប្រាយ​FC ឆ្លាម​សមុទ្រ និង អគ្គស្នងការ​នគរ​បាល​ជាតិ ។​

​    ​ចំពោះ ៨ ក្រុម​ដែល​បានមកពី​ការប្រកួត​ជម្រុះ​តាម​តំបន់​គឺ​ចំការកៅស៊ូ​បឹងកេត​ ខេត្តកំពង់ចាម ឆ្មា​ខ្មៅ​ខេត្តស្វាយរៀង​ សាកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប បក្សី​ចាំ​ក្រុង​ខេត្តសៀមរាប ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្ត​កោះកុង និង ខេត្តកំពត ៕

Facebook Notice for EU! You need to login to view and post FB Comments!