វិធីទប់ស្កាត់ការប្រេះបបូរមាត់

អាកាសធាតុក្តៅឬត្រជាក់ កម្តៅថ្ងៃ និងប្រតិកម្មជាមួយក្រេមលាបមាត់ ថ្នាំដុសធ្មេញ អាហារ ​ ឬ ភេសជ្ជៈ សុទ្ធតែអាចធ្វើឱ្យបបូរមាត់របស់អ្នករបក។ ចំពោះអ្នកដែលមានបបូរមាត់ប្រេះដឹងថាពួកគេផ្លាស់ប្តូរពីការញញឹម ទៅជាធ្វើមុខក្រញ៉ូវ​វិញ។ ខាង​ក្រោមនេះ គឺជាការណែនាំមួយចំនួន ពីវិធីទប់ទល់ នឹងការប្រេះបបូរមាត់។ សាកល្បងប្រើប្រេងលាបមាត់៖ វេជ្ជបណ្ឌិត ចូសិប បាក (Joseph Bark) និយាយថា “វិធីដែលល្អបំផុតក្នុងការដោះស្រាយ បញ្ហាបបូរមាត់ប្រេះ គឺជៀសវាង អាកាសធាតុស្ងួត និងត្រជាក់ខ្លាំងដែលជាមូលហេតុដែលបង្ករឱ្យអ្នក ប្រេះបបូរមាត់។ ប៉ុន្តែយើងមិនអាចគ្រប់គ្រង លើអាកាសធាតុ បាននោះទេ ដូច្នេះអ្នកត្រូវងាកទៅរកហាង​ឱសថវិញ”។ មុនពេលអ្នកចេញទៅក្រៅ អ្នកត្រូវលាបក្រេមលាបមាត់​លើបបូរមាត់​របស់​អ្នក និងឧស្សាហ៍លាបប្រសិនបើអ្នកនៅក្រៅរយៈពេលយូរ និងត្រូវលាបវាជាថ្មី​ម្តង​ទៀត​នៅ​ពេល ដែលអ្នកញ៉ាំអាហារឬភេសជ្ជៈ។ ប្រើឡេការពារកម្តៅថ្ងៃ៖ វេជ្ជបណ្ឌិត បាក បន្ត​ថា “អ្នកត្រូវចងចាំថា កម្តៅព្រះអាទិត្យអាចធ្វើឱ្យបបូរមាត់ស្ងួតបាន មិនថា​នៅ​រដូវ​ណា​នោះទេ”។ ដូច្នេះអ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានផ្សំជាមួយនឹងសារធាតុ ការពារកម្តៅថ្ងៃ។ វេជ្ជបណ្ឌិត បាក និយាយថា “បន្ថែមពីលើនេះទៀត ខ្ញុំជឿថាការប្រើ​ក្រេមមាត់​គឺជាមូលហេតុមួយដែលស្ត្រីមិនសូវកើត ជំងឺមហារីកបបូរមាត់។ នៅក្នុងបទពិសោធន៍របស់ខ្ញុំរយៈពេល ១៤ឆ្នាំមកនេះ ខ្ញុំបានព្យាបាលស្ត្រីតែ ១ ឬ ២នាក់ ប៉ុណ្ណោះ ក្នុងករណីជំងឺមហារីកបបូរមាត់ ប៉ុន្តែបុរសវិញ គឺមានចំនួនជាច្រើន​រយនាក់​ឯ​ណោះ”។ ព្យាបាលនិងជាសះស្បើយ៖ វេជ្ជបណ្ឌិត ដាយអាណា ប៊ីហូវ៉ា (Diana Bihova) និយាយថា “គ្រោះថ្នាក់នៃការមានបបូរមាត់ប្រេះ គឺអ្នកអាចនឹងឆ្លងមេរោគ។ ដើម្បីបង្ការការឆ្លង អ្នកត្រូវលាបថ្នាំអង់ទីប៊ូយ៉ូទិច”។ ភាពឆ្លាតវៃ៖ វេជ្ជបណ្ឌិត ណូវីក និយាយ​ថា “កង្វះសារធាតុចិញ្ចឹម ដូចជា វីតាមីន B និងជាតិដែក ក៏អាចធ្វើឱ្យអ្នក​ប្រេះ​បបូរមាត់ដែរ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកផ្តល់វីតាមីនចម្រុះឱ្យវាគ្រប់គ្រាន់ ”។ ញ៉ាំទឹកឱ្យច្រើន៖ ផ្តល់សារជាតិសំណើមដល់បបូរមាត់ របស់អ្នកពីខាងក្នុងទៅដោយការ​ញ៉ាំ ទឹកបន្ថែមនៅរដូវរងារ។ វេជ្ជបណ្ឌិត ប៊ីហូវ៉ា ណែនាំថា “ខ្ញុំណែនាំឱ្យអ្នកញ៉ាំទឹកបន្ថែម​ប្រហែលជា ១០០មីលីលីត្រ រៀងរាល់ពីរទៅបីម៉ោងម្តង។ ពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃកោសិការបស់អ្នក ក្នុងការរក្សាជាតិសំណើមនឹងកាន់តែថយចុះ ដូច្នេះហើយ​អ្នកអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាភាពស្ងួតកាន់តែខ្លាំង ឡើងៗរៀងរាល់រដូវរងារ”។ ក្រមួនឃ្មុំ៖ វេជ្ជបណ្ឌិត រ៉តនី បេស្ល័រ (Rodney Basler) និយាយថា “សម្រាប់ខ្ញុំវិញ ខ្ញុំគិត​ថា​ផលិតផលដែលល្អបំផុតនោះគឺ Carmex ដែលមានគ្រឿងផ្សំ ពីក្រមួនឃ្មុំនិងហ្វេណុល”។ បញ្ឈប់ការលិត៖ វេជ្ជបណ្ឌិត បេស្ល័រ និយាយថា “ការប្រេះបបូរមាត់គឺជាបញ្ហា​កង្វះជាតិ​ទឹក​​។​នៅពេលដែលអ្នកលិតវា អ្នកផ្តល់ជាតិសំណើម ឱ្យវាបានមួយរយៈពេលខ្លី ដែលបន្ទាប់​មកនឹងហួត ហើយធ្វើឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតជាងមុន។ ម្យ៉ាងវិញទៀត ទឹកមាត់​មានផ្ទុក អង់ស៊ីមរំលាយអាហារ។ ទោះជាវាមិនសូវជាខ្លាំងពិតមែន ប៉ុន្តែវាមិនមានផលល្អ​ចំពោះបបូរមាត់អ្នកនោះទេ”។ វេជ្ជបណ្ឌិត បាក ណែនាំថា “ការលិតបបូរមាត់អាច​បង្កើត​ទៅ​ជាទម្លាប់លិតបបូរមាត់ដោយមិនដឹងខ្លួន ។ វាច្រើនតែកើតឡើងចំពោះកុមារ ប៉ុន្តែ​ក៏​អាចកើតឡើងចំពោះមនុស្សធំបានដែរ”។ រាល់ពេលដែលអ្នកលិតបបូរមាត់ អ្នកបាន​លាង​សម្អាតជាតិប្រេង ដែលមាននៅលើបបូរមាត់ នោះចេញ”។ ឈប់ប្រើថ្នាំដុសធ្មេញ៖ វេជ្ជ​បណ្ឌិត ថូម៉ាស ហ្គូតមេន (Thomas Goodman) និយាយថា “អាឡែហ្ស៊ី និងប្រតិកម្ម ទៅ​នឹងរសជាតិនៅក្នុងថ្នាំដុសធ្មេញ ស្ករគ្រាប់ ស្ករកៅស៊ូ និងថ្នាំខ្ពុរមាត់ អាចបង្ករឱ្យមាន​ការ​ប្រេះបបូរមាត់។ ខ្ញុំណែនាំឱ្យគេឈប់ប្រើថ្នាំដុសធ្មេញ និងប្រើតែច្រាស់ដុសធ្មេញ ទៅបាន​ហើយ ឬក៏ដុសធ្មេញជាមួយនឹងម្សៅឡើង”។ ស័ង្កសី៖ វេជ្ជបណ្ឌិត ណូវីក និយាយថា “មនុស្ស​​មួយចំនួនអាចគេងហៀរទឹកមាត់ ដែលអាចធ្វើឱ្យបបូរមាត់ប្រេះ ឬធ្វើឱ្យបបូរ​មាត់ដែល​​​​ប្រេះ​​ស្រាប់ កាន់តែប្រេះខ្លាំង។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកត្រូវលាប​ថ្នាំ​ស័ង្កសីអុកស៊ីតលើបបូរមាត់ជារៀងរាល់យប់មុនពេល ចូលគេង។ វាអាចធ្វើរបាំងការពារបបូរមាត់បាន”។ ដាក់ម្រាមដៃនៅកៀនច្រមុះ៖ វេជ្ជបណ្ឌិត បាក និយាយថា “នេះគឺជាអ្វីដែលខ្ញុំណែនាំកសិករដែលធ្វើការនៅក្រៅផ្ទះនិងមិន មានភាព​ជំនាញ។ ដាក់ម្រាមដៃនៅកៀនច្រមុះរបស់អ្នក បន្ទាប់មកយកវាមកត្រដុស​នៅបបូរមាត់​របស់អ្នក។ វានឹងនាំយកជាតិប្រេងធម្មជាតិដែលមាននៅច្រមុះ ទៅឱ្យបបូរមាត់។ ម្យ៉ាងវិញទៀត វាគឺជាជាតិប្រេងដែលបបូរមាត់ត្រូវការ”៕