វិធីទប់​ស្កាត់​និងបំបាត់ការ​ឡើងអាចម៍រុយ

វេជ្ជបណ្ឌិត អូ​ឌ្រី គូ​នី​ន និយាយថា អាចម៍រុយ​នេះ គឺជា​ស្នាម​អុច​មូលៗ រាបស្មើ​មាន​ពណ៌​ត្នោត ដែល​ច្រើនតែ​លេចចេញ​ឡើង នៅលើ​ខ្នងដៃ ក មុខ និង​ស្មា វា​កើតឡើង​ដោយ​សារ​ការ​ត្រូវ​កម្តៅថ្ងៃ មិនមាន​ទាក់ទង​ជាមួយនឹង​អាយុ​នោះទេ​។​

​វា​ច្រើន​កើត​ចំពោះ​មនុស្ស ចាស់ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​កម្តៅថ្ងៃ​ច្រើន​អាច​នឹងមាន​វា​នៅ​អាយុ​ខ្ទង់ ២០ ឬ ៣០​ឆ្នាំ​។ កម្តៅថ្ងៃ​មាន​កាំរស្មី​ខ្ពស់ (UV) ដែល​ធ្វើឱ្យ​សម្បុរ​ប្តូរ​ទៅជា​ទង់​ដែង​​ឬ​រលាក​។ យូរៗ​ទៅ កម្តៅថ្ងៃ​នោះ​នឹង​បង្កើត​ជាតិ​ពណ៌​ក្នុង​ស្បែក​ច្រើនជាង​ធម្មតា ដែល​បង្ករ​ឱ្យមាន​អាចម៍រុយ​នេះ​។​

​ការឡើង​អាចម៍រុយ​អាចធ្វើឱ្យ សម្រស់​របស់​អ្នក​ធ្លាក់ចុះ ហើយ​ប្រសិនបើ​ទំហំ​របស់​វា មានការ​ប្រែប្រួល នោះ​វា​ប្រហែលជា​ករណី មាន​ជំងឺមហារីក​ស្បែក ដែលជា​មូលហេតុ​ដ៏​​ល្អ​ដែល​អ្នក​គួរឱ្យ​គ្រូពេទ្យ​ស្បែក​ពិនិត្យ​យ៉ាងតិច ម្តង​ក្នុង​មួយឆ្នាំ​។​

​ប៉ុន្តែ​ប្រសិនបើ​វា គ្រាន់តែ​ជា​អាចម៍រុយ​ធម្មតា​នោះ ខាងក្រោម​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បិតបាំង​ឬ​បំបាត់​វា (​ក៏ដូចជា​បង្ការ​មិន​ឱ្យមាន​កាន់តែច្រើន​)​។​

​ប្រើ​ថ្នាំ​ធ្វើឱ្យ​ស​៖ លោក​វេជ្ជបណ្ឌិត គូ​នី​ន និយាយ​បន្តទៀតថា ប្រសិនបើ​អាចម៍រុយ​នោះ​មិនធំ​ពេក​ឬ​ពណ៌​មិន​ចាស់​ពេក​ទេនោះ អ្នក​អាច​ប្រើ​ថ្នាំ ធ្វើឱ្យ​ស ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​វា​អាចធ្វើឱ្យ​បាត់​អាចម៍រុយ​បាន​។ ស្វែងរក​ផលិតផល​ដូចជា Por​cel​ana ឬ Pal​m​er’s Sk​in Succ​ess Cr​eam ដែលមាន​ផ្ទុក hy​dro​gu​inone ២ ភាគ​រយ​។ H​ydrog​uinon​e ជួយ​លប់បំបាត់​អាចម៍រុយ​រហូត​ទាល់តែ​មើល​មិនសូវ​ឃើញ ឬ​បាត់អស់​តែម្តង​។ វា​មាន​ប្រសិទ្ធភាព​ជាមួយ​សារធាតុ​សំណើម​អាស៊ីត glycolic ដូចជា Neu​troge​na P​ore Re​fin​i​ng C​rea​m ឬ Alp​ha Hyd​rox Enh​anced Crè​me ដែល​ជួយ​ធ្វើឱ្យ​ស្បែក​រលោង​។​

​លាបថ្នាំ​នោះ​ពីរដង​ក្នុង មួយថ្ងៃ​ទៅលើ​កន្លែង​មាន​អាចម៍រុយ ដោយ​ធ្វើតាម​ការណែនាំ​របស់​ក្រុមហ៊ុន​។ ប្រើ​សំឡី​ជ្រលក់​ថ្នាំ​មក​លាប​លើ​កន្លែង អាចម៍រុយ ដូច្នេះ​អ្នក​មិន​ប្រើ​ថ្នាំ​លើ​កន្លែង​ដែល​គ្មាន​អាចម៍រុយ​។​

​វេជ្ជបណ្ឌិត គូ​នី​ន បានឱ្យដឹង​ទៀតថា “​អ្នក​ត្រូវ​អត់ធ្មត់ ព្រោះ​វា​មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​នោះទេ​។ វា​ត្រូវការ​ពេល​ពី ៦ ទៅ ១២ ខែ ក្នុងការ​បំបាត់​ពណ៌​។ អ្នក​ត្រូវ​ឈប់​ប្រើ​វា នៅពេលដែល​អាចម៍រុយ​បាត់​អស់ហើយ ឬ​កន្លែង​ដែល​ប្រើ​នោះ​មាន​ពណ៌​ស្រាល​ជាង​ពណ៌​ស្បែក​ធម្មតា​”​។​

​គេច​ចេញពី​កាំរស្មី​៖ ដោយសារតែ​ស្នាម​អុច​នេះ​កើតឡើង​ពី​កាំរស្មី UV របស់​ព្រះអាទិត្យ ការ​កំហិត​ការ​ត្រូវ​នឹង​កម្តៅថ្ងៃ គឺជា​ជំហាន​សំខាន់​ទីមួយ ក្នុងការ​ប្រឆាំងនឹង​ស្នាម​អាចម៍​រុយ​។ វេជ្ជបណ្ឌិត រ៉ា​ហ្វ ដេ​ញ៉ែ​ល (C. Ralph Daniel III) និយាយថា នេះ​មានន័យថា អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ រាល់​ពេលដែល​អ្នកចេញ​ក្រៅ​ផ្ទះ​។​

​វេជ្ជបណ្ឌិត គូ​នី​ន និយាយថា បើទោះជា​អ្នកមាន​ស្នាម​អាចម៍រុយ​រួចហើយ​ក៏ដោយ ការប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​អាចជួយ​បង្ការ​មិនឱ្យ​ប្តូរ​ពណ៌​កាន់ តែ​ក្រាស និង​ការពារ​មិន​ឱ្យ​មាន​អាចម៍រុយ​ថ្មី​កើតឡើង​៕