ហេតុអ្វីបានជាប្រាសាទព្រះវិហារមាន ជណ្តើរឡើងស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ៕

ប្រភព៖ Wikipedia