ប្រវត្តិអធិរាជ​​សំឡេង​មាស ស៊ីន ស៊ីសាមុតទូកទៅ កំពង់នៅ

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀង និងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំឡុងទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថា អធិរាជសំឡេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាព​ក្នុង​របបប្រល័យពូជសាសន៍​ខ្មែរ​ក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធ​ផ្ទាល់​របស់​​​លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជា​លោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលក​ញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ​ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមាន​ជីវិត​ដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់​ក្នុងដួងចិត្ត​ខ្មែរ​គ្រប់​រូប ដែលសោកស្តាយការ​បាត់បង​កោះត្រល់ទៅ វៀត​ណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែ​ទៅតាម  ព្រះ​បាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅ​ទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់​ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈ​បទ​ អាកាលយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែល​មិននិយមបទ​ថ្មីៗរបស់​លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

កុមារភាព

លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅ ស្ទឹង​ត្រែង។ លោកជាកូនប្រុសពៅក្នុង​ចំណោម​បង​ប្អូន​៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡី ដែលជាកូនកាត់ ឡាវ ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅ​ខេត្ត បាត់​ដំបង  និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍ពិពាហ៍​ក្រោយនេះបន្សល់ទុកនូវកូន២នាក់​ទៀត។

លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួម ខេត្ត​ស្ទឹង​ត្រែង នៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជា​ញឹក​ញាប់លោក ត្រូវបានសាលាសុំ អោយលេង​ ហ្គីតា ក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេ​​ង​សុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នា​ដោយ​សំដំ​ទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់​និងបាននិយាយលេងជាមួយព្រះសង្ឃ​នា​ពេល​ទំនេរ។ លោកមាននិស្ស័យនឹង​ព្រះពុទ្ឋ​សាសនា ដោយលោកបានសុំរៀន​ភាសាបាលី ពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។

លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ​នៅភ្នំពេញ​ដោយ​ស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅ​អាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេង​ដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញ​ទៅដើរ​លេង​ខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក​គ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សា​ប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំ​ទ្រពីមិត្ត​ភក្ដិ​ដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់​លោកថាជាអ្នកមាន​ទេពកោសល្យខាង តន្ត្រី​និងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់​សាលា។ នៅឆ្នាំដដែលនោះ លោកបាន​បង្កើត​ក្រុម​តន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួល​បាន​​ការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញ​អោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី​ពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀង​ពាក់កណ្ដាលអាជីព ដោយជា​រឿយៗ​លោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្ត​នឹងឮ​លោក​​ច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោក​ក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ​ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមាន​ការជំទាស់ពី​គ្រួសារក៏ដោយ។

អាជីពជាសិល្បករ

ពេលដែល កម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពី​បារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូល​បំរើកា​រ​ងារនៅ មន្ទីរ​ពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើ ម៉ង់ដូលីន។ បទចំរៀងរបស់​លោក​ជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើ​ស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នង ភាសាសំស្រ្កឹត និង បាលី។

ចម្រៀងភាគច្រើនរបស់លោក​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួន​គេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែក​លើ​រឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។

នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសមៈ នារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់​ភ្លេង​ព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍​ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណ​និងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និង បាសាក់ ផងដែរ។

នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញ​កិត្តិ​ស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បាន​ឆក់​យក​បេះ​ដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍​សាធារណ​រដ្ឋ ​អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយ​តាមកញ្ចក់​ទូរទស្សន៍​នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀង​ថ្វាយ ព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទស​វត្ស​រ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយ មាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេស​ដំបូងគេចាប់ពី កម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថត​ចំរៀង​ជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត

ទសវត្សរ៍៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋ​បទភ្លេងអោយ​ទាន់​តំរូវកា​រអ្នកគាំ​ទ្រ​លោក​​។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី  លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់​ច្រៀង​បទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយ​អ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជា​ប្រិយភាព។ ព្រមជាមួយបទចំរៀង​​​​​ផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេស​មក​ច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពី ថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពី រដ្ឋ​ប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យ​ទី៥​​នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូល​ក្នុង​ក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈ​ដល់​អនុសេនីយ៍ឯក។

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ

លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែ​លោកមានមហិច្ចតាខ្ពស់​និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មាន​ស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀប​អាពាហ៍​ពិពាហ៍​​​​​ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូន​ប្រុសម្នាក់ទេ​ដែលរួច​រានមាន​ជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ​ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោក​មាន​​​​កំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជា​ប្រិយបំផុតនៅសម័យ​នោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាច​អោយលោកដូរ​រថយន្ត​វ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។

ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបាន​​​ពីសិល្បៈរបស់លោក​មានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់​លោក​មិន​អោយ​ចាប់​អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជា​អ្នក​ចំរៀង​គ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយ​លើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បាន​សន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត  (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថា​លោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។

លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុន​បារាំងនៅ​រោងភាពយន្តលុច្ស​និងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅ ភ្នំ​ពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមាន​តំលៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។

គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូប ម្ហូប ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្ត​ប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំលេងគាត់។

នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅ​ឆ្នាំ​១៩៧១ ​គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំង​ថ្ងាស​ឆក​បន្តិច​​​របស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរ​ក្រហម​វាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួក​ ខ្មែរ​ក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

បទ​ចម្រៀង

ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា  និង អ្នកស្រី ប៉ែន រ៉ន ជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។

ច្រៀងទោល

  • កណ្តាលដួងចិត្ត
  • កន្សែង​ប៉ាក់​ផ្កា
  • កន្សែងស្រីប៉ាក់
  • កប្បាសលាស់ខ្ចី
  • កម្មកាយមិនទៀង
  • កាត់ចិត្តទាំងអាល័យ
  • កាលអូនរាំធ្វីស
  • កុលាបខ្មែរអាកាសចរណ៍
  • កុលាបដូនទាវ
  • កុលាបបាត់ដំបង
  • កុលាបប៉ៃលិន
  • កុលាបមួយទង
  • កូនចៅលោកអ្នកណា
  • កំពង់ចាមកំពង់ចិត្ត
  • កំពង់ធំជំរុំចិត្ត
  • កំពតកំពូលចិត្ត
  • កុំតាមបងអី
  • កុំនឹកគេអី
  • កុំស្មានបងភ្លេច
  • ក្ងោកក្រមុំ
  • ក្បត់​នៅ​តែ​ក្បត់
  • ក្រោមមេឃលើដី
  • ក្រៅពីរូបពៅ
  • ក្លិន​ខ្លួននួនស្រី
  • ក្លិនខ្លួនស្រីខ្មៅ
  • ក្លិន​ផាហ៊ុម
  • ក្លិន​អើយក្លិនខ្លួន
  • ក្លិនអើយក្រអូប
  • ក្លិនអ្វីក្រអូប
  • ក្លែបក្លិនចន្ធូ
  • ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)

  • ខឹងព្រោះស្រលាញ់
  • ខំតែជឿ
  • ខុសព្រោះខ្ញុំ
  • ខ្យល់សមុទ្រ
  • ខ្មៅស្រស់
  • ខ្យងក្តក់

  • គេងទៅ(ក្នុងខ្សែភាពយន្ត រឿង ពៅ​ឈូកស)

  • ចង់កើតជាទឹក
  • ចង់ត្រឹមតែឃើញ
  • ​ ចុកឈាមនៅប៉ៃលិន
  • ចម្រៀងមួយបទតែងមិនចប់
  • ចន្ទ្រារះហើយ
  • ចិត្តនៅតែប្រាថ្នា
  • ចិត្តដែលជិតក្បត់
  • ចិត្តឥតសង្ឃឹម
  • ចុងស្រល់
  • ចំណោទស្នេហា
  • ចន្ទគ្រឹហ្វា​ (ចន្ទគ្រឿហ្វា)
  • ចំប៉ាបន្ទាយដែក
  • ចំប៉ាបាត់ដំបង
  • ចំប៉ារង្សី
  • ចំប៉ីសួគ៌ា
  • ចំប៉ីសៀមរាប
  • ចម្រៀងមរណៈ
  • ចម្រៀងហៅអូន
  • ចម្រៀងមួយបទតែងមិនចប់
  • ចម្រៀងស្នេហ៍
  • ចំអកចំអន់
  • ចាំជួបរាល់ថ្ងៃលិច
  • ចាំអូនពេញមួយយប់
  • ចាំចម្លើយតាមខ្យល់

  • ឆ្លើយ​ចាស​មក​អូន

  • ជញ្ជីងស្នេហា
  • ជីវិតកម្មករត្បូង
  • ជីវិតខ្ញុំសម្រាប់អ្នក
  • ជីវិតសត្វលោក
  • ជូតទឹកភ្នែកទៅអូន
  • ជួបគ្នាចៃដន្យ
  • ជើងមេឃពណ៌ស្វាយ
  • ជឿជាក់ថាមុំវិលវិញ

  • ឈាមប្រឡាក់ដៃខ្ញុំ
  • ឈូកក្នុងបឹង

  • ដងស្ទឹងពោធិ៍សាត់
  • ដងស្ទឹងសង្កែ
  • ដឹងដែរ
  • ដួងនេត្រា
  • ដើម​ដូង​ព្រលឹង​ស្នេហ៍
  • ដំបៅដួងចិត្ត

  • តើបងខុសអ្វីបានជាស្រីសុំលែង
  • តើមាននរណាខ្លះដូចខ្ញុំ?

  • ថាវរីមាសបង
  • ថ្ងៃនេះមិនចូលផ្ទះទេ
  • ថ្ងៃណាមានសង្ឃឹម

  • ទឹកភ្នែកដើមឆ្នាំ
  • ទឹកភ្នែកមួយតក់
  • ទឹកភ្នែករំចង់
  • ទឹកហូរក្រោមស្ពាន
  • ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
  • ទេពធីតាក្នុងសុបិន
  • ទំនួញកំហែងឈើទាល
  • ទំនួញនាងបទុមា
  • ទំនួញហ្គីតាមាស
  • ទំនួញអក្ខរា
  • ទោះយ៉ាងណា
  • ទ្រព្យគាប់ចិន្តា
  • ទំនិញស្នេហា
  • ទន្សាយស្តាយចន្ទ

  • ធីតាវិមានមាស
  • ធូបបីសរសៃ

  • និស្ស័យកម្មព្រះមោគ្គល្លាន
  • និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
  • នឹកសែននឹក
  • នឹកអូនជានិច្ច

  • បក្សាស្លាបដែក
  • បងខុសហើយ
  • បង​ចាំយូរហើយ
  • បងច្រៀងនាងយំ
  • បង​នៅ​រង់​ចាំ
  • បង​នាំខ្មៅរត់
  • បងសែនពេញចិត្តនឹងស្រី
  • បងស្រណោះសំដី
  • បងស្រលាញ់អូនជាងគេ
  • បងរស់ព្រោះអូន
  • បង្គងទឹកភ្នែក
  • បណ្ដាំស្នេហ៍
  • បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
  • បាត់​ដំបង​កុំចងពៀរនឹងខ្ញុំ
  • បាត់ដំបងបណ្តូលចិត្ត
  • បានជួបគ្នាហើយ
  • បិសាចក្រមុំ
  • បុប្ផាមាសស្នេហ៍
  • បុប្ផាវៀងចន្ទ
  • បុប្ផាឆៀងម៉ៃ
  • បុប្ផាដីក្រុង
  • បុប្ផាពង្រ
  • បុប្ផាលាក់ខ្លួន
  • បំភ្លេចមិនបាន
  • បើជាវាសនា
  • បើនឹងព្រាត់ហើយ
  • បើស្រលាញ់ត្រូវហ៊ាន
  • បើអូនបានបង
  • ប៉ៃលិនសុបិនស្នេហ៍
  • ប៉ៃលិនព្រលឹងស្នេហ៍
  • ប្ដីមួយជីវិត
  • ប្រវាស់ស្រែប្រាំង

  • ផាត់ជាយបណ្ដូលចិត្ត
  • ផ្កាយព្រឹក
  • ផ្កាយ​ព្រះ​អង្គារ
  • ផ្សងព្រេងតាមកម្ម
  • ផ្សងកម្រងផ្កា

  • ពេលដែលត្រូវយំ
  • ពេលភ្លៀងនាងទៅណា?
  • ពោធិ៍បាក់ខែង
  • ព្រះជិនវង្ស
  • ព្រោះតែស្រី
  • ពេលអូនឡើងយន្តហោះ
  • ព្រាត់ទាំងស្រលាញ់
  • ព្រាត់ភ្នំសំពៅ
  • ព្រួយរបស់បង
  • ព្រែកឯងអស់សង្ឃឹម
  • ព្រោះតែអូន

  • ភ័ព្វព្រេងវាសនា
  • ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
  • ភ្នំសំពៅជម្រៅដួងចិត្ត
  • ភ្លៀងស្រក់នៅមាត់បង្អួច
  • ភ្លេងមច្ចុរាជ

  • មករាំលេងនឹងខ្ញុំ
  • មាននរណាខ្លះ
  • មាសទឹកប្រាំបី
  • មាសទឹកដប់
  • ម៉ារីណា
  • មិនលែងប្រពន្ធ
  • មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
  • មួយម៉ឺនសារភាព
  • មួយម៉ឺនអាល័យ
  • មេឃ និងដី
  • ម៉ោង៣យប់មិញ
  • ម្ចាស់ក្លិននៅទីណា
  • ម្លប់​ដូង​ទី​ដប់
  • ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
  • ម្សិលមិញ

  • យួរឆ្នាំដែលចាំអូន
  • យំបីរាត្រី
  • យំដើម្បីឈប់យំ
  • យើងរាំល្អមែន
  • យប់១២កើត
  • យប់ថ្ងៃអង្គារ
  • ​ យប់មិញអូនញញឹម

  • រយពាន់សារភាព
  • រសាត់តាមខ្យល់
  • រាហុចាប់ចន្ទ្រ
  • រូបស្រីជាដួងចិត្តបង
  • រូបមួយជីវិតពីរ
  • រូបអូនហ្នឹងហើយ
  • រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
  • រៀមខំស្រម៉ៃ
  • រៀម​ចង់​ជួប​ចរចា (យូរឆ្នាំដែលចាំអូន)
  • រំដួលក្រពុំ
  • រំដួលកោះកុង
  • រំដួលក្រចេះ (អឹម សុងសឺម)
  • រំដួលស្ទឹងសង្កែ
  • រំដួលពោធិ៍សាត់
  • រំដួលសុរិន្ទ
  • រឿងពិតរបស់បង

  • លាបាត់ដំបង
  • លាភូមិសេកសក
  • លាហើយប៉ារីស
  • ល្វាចេកព្រាត់គូ
  • លាហើយពោធិ៍សាត់
  • ល្មមហើយណាស្រី
  • លុះលង់ក្រោមធរណី
  • លួចស្នេហ៍រួចទុក្ខ

  • វណ្ណៈស្នេហ៍
  • វស្សាដល់ហើយ
  • វាសនាបិតាអភ័ព្វ
  • វិលវិញតាមសន្យា
  • វិលវិញមកអូន

  • សូមជួបត្រឹមជាតិហ្នឹង
  • សង្ឃឹមជានិច្ច
  • សង្ឃឹមឬឥតសង្ឃឹម
  • សង្សារកម្សត់
  • សញ្ញាប័ត្រស្នេហា
  • សំបុត្របងមួយ
  • សំបុត្រចុងក្រោយ
  • សម្បថមុខព្រះ
  • សន្ទូចអត់នុយ
  • សមុទ្រទឹកភ្នែក
  • សម្ដីមិនទៀង
  • សម្រស់កោះកុង
  • សុភាពបុរស
  • សុភាពបុរសចេះដាល់
  • សុវណ្ណមច្ឆា
  • សូរសំលេងភ្លៀងធ្លាក់
  • សូរិយារៀបលិច
  • សូរិយាផ្សងស្នេហ៍
  • សែនរន្ធត់
  • សែន​ស្ដាយ​ថ្ពាល់​ស្ដាំ
  • សំឡេង​ទឹក​ភ្លៀង
  • ស្ដាយដួងតារា
  • ស្តាយក្លិនកុលាបរោយ
  • ស្តាយក្លិនដែលឃ្លាត
  • ស្តាយចិត្តដែលស្មោះ
  • ស្នេហ៍បរាជ័យ
  • ស្ពានអូរតាគី
  • សោភីនីមាសស្នេហ៍
  • ស្រណោះខ្លួនណាស់
  • ស្រណោះភូមិដើមល្វា
  • ស្រឡាញ់ហើយម្ដេចស្អប់
  • ស្រអែមដងស្ទឹងសង្កែ
  • ស្រអែមលាក់ខ្លួន
  • ស្តាប់បងច្រៀងបំពេ
  • ស្ទឹងកែវ
  • ស្ទឹងសង្កែកុំប្រែចិត្តថ្មី
  • ស្នេហ៍នៃយើង
  • ស្នេហ៍បាត់សំរស់
  • ស្នេហ៍លើអាកាស
  • ស្នូរតំណក់ទឹកភ្លៀង
  • ស្ពាន​ឈើ​​អភ័ព្វ
  • ស្មានចិត្តមិនត្រូវ
  • ស្រលាញ់អូន៣៦៥ថ្ងៃ
  • សម្រស់គ្មានផ្ទឹម

  • អកបឹងកន្សែង
  • អក្ខរាទឹកភ្នែក
  • អនិច្ចា
  • អនិច្ចា​ក្រឡា​ហោមគង់
  • អនិច្ចាផ្គរលាន់
  • អនុស្សាចារដើមស្រឡៅ
  • អនុស្សាវរីយ៍ភ្នំសំពៅ
  • អនុស្សាវរីយ៍សេកសក
  • អស់ហើយក្តីរំពឹង
  • អាថ៌កំបាំងបុរសក្នុងលោក
  • អានី
  • អារសាច់ជូនម្ដាយ
  • អាសូររំចង់ (ទឹកភ្នែករំចង់)
  • អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
  • អូនគង់ដឹងខ្លួន
  • អូនគ្មានស្រណោះ
  • អូនជាដួងចិត្តបង
  • អូនភស្ដា
  • អូនមកពីណា
  • អម្រែកស្នេហ៍អវិចី

  • ឯណាទៅឋានសូគ៌

  • ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
  • ឱ! ផ្សែងបារី
  • ឱ!ធម្មជាតិអើយ
  • ឱ!សង្សារមាសបង
  • ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)

បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា

  • កែវបញ្ចពណ៌
  • កូឡាបស្នេហា
  • កុំឃាត់បងអី
  • កំលោះភ្នំពេញក្រមុំបាត់ដំបង
  • ក្រមុំខ្មែរលើ
  • ក្លិនផ្កាព្រៃភ្នំ
  • ខូចម្តុំណា
  • ខ្លាចតែខុស
  • គូព្រេងនិស្ស័យស្នេហ៍
  • គំនួចវាយោរ
  • គ្មានអ្វីធំជាងស្នេហាយើង
  • ចង់តែខាំហែក
  • ចង់បានផ្កាអ្វី?
  • ច័ន្ទរះកណ្តាលថ្ងៃត្រង់
  • ច័ន្ទរះក្នុងរាត្រី
  • ចិត្តបងរឹងដូចថ្ម
  • ចិត្តមួយថ្លើមមួយ
  • ចិត្តឥតល្អៀង
  • ចោរលួចចិត្ត
  • ជំនោរត្រជាក់
  • ជំរកភក្តី
  • ជំរកស្នេហ៍
  • ឈូករ័ត្នមាសបង
  • ដួងព្រះចន្ទ្រា
  • ឋានសុបិន្តស្នេហ៍
  • ឋានសួគ៌នៃយើង
  • ទារុណកម្មនាងនាគ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • នួនល្អងព្រមទៅ
  • បឋមវ័យស្នេហា
  • បងស្មោះលុះក្ស័យ
  • បុប្ផាឋានសួគា
  • បំពេរទិព្វសូដាច័ន្ទ
  • បោះឈូង
  • ប្រស្នារបួនខ
  • ផ្កាអង្គារបុស្ស
  • ផ្កាអើយផ្កាពុទ្រា
  • ផ្គរលាន់ឯត្បូង
  • ព្រះជិនវង្សកុសលបុប្ផា
  • ព្រះជិនវង្សបុទុមសូរិយា
  • ភក្តីស្នេហា
  • មួយកំផ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា
  • យើងព្រាត់គ្នាហើយ
  • រសស្នេហ៍ឧត្តម
  • រួមស្នេហ៍លោកីយ៍
  • លាហើយកូឡាបបាត់ដំបង
  • សុបិន្តឋានស្នេហ៍
  • សុភាមាសបង
  • ស្ដេចដំរីស
  • ស្ទឹងពោធិ៍សាត់
  • ស្នេហ៍បងនិងអូន
  • ស្នេហាចំប៉ាមាស
  • ស្នេហាព្រះថោងនាងនាគ
  • ស្នេហាព្រះលក្សិនវង្ស
  • ស្រណោះអូរជ្រៅ
  • ស្វាយមួយមែក
  • អក្ខរាលោហិត
  • អនិច្ចាកាយងងឹត
  • អាទិត្យសុវណ្ណច័ន្ទកេសរ
  • អាប៊ុលកាសេម
  • អាយុមិនអស់មិនស្លាប់
  • ឯណាព្រហ្មចារី
  • ឱ! ស្នេហ៍អើយ!

 ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន

  • ​ ជើងមេឃពណ៏ស
  • ​ តន្ត្រីធម្មជាតិ
  • បណ្ដែតក្បូនលេង
  • ​មន្ឌាមាសបង
  • ស្រីឆ្នាស់ប្រុសឆ្នើម
  • ស្នេហ៍ដូចជើងមេឃ
  • អារុណរះ

ប្រភព៖ Wikipedia