អ្នកស្ម័គ្រចិត្តជាច្រើននាក់ចូលរួម Run the Dream នៅ​កំណាត់​ផ្លូវ​២៥​គីឡូ​ម៉ែត្រ​ចុង​ក្រោយ

លោក​ ធុល រិទ្ធី អ្នក​​រត់​ម៉ារ៉ាតុន​តែ​ម្នាក់​ឯង​ ​ពី​ខេត្ត​សៀមរាប​​ មក​កាន់​​​រាជធានី​ភ្នំពេញ​​​ ​ដែល​​មាន​ឈ្មោះ​ថា​ Run the Dream​ ​​​បាន​មក​​​​​ដល់​​គោល​ដៅ​នៅ​ថ្ងៃ​ទី​២៩​ កុម្ភៈ​នេះ​ហើយ។

រិទ្ធី​ ​បាន​ចាប់​ផ្ដើម​​រត់​​​នៅ​​ថ្ងៃ​ទី​២០​កុម្ភៈ​មក ដោយ​មួយ​ថ្ងៃ​លោក​ត្រូវ​រត់​​យ៉ាង​ហោច​​ណាស់​​ ៣០​​គីឡូម៉ែត្រ​។ ​​​លោក​រត់​ចាប់​តាំង​​ពី​ពេល​ព្រឹក​ រហូត​ដល់​ពេល​ល្ងាច​ ហើយ​មាន​ពេល​ខ្លះ​លោក​រត់​រហូត​ដល់​ម៉ោង​១២​ យប់​ថែម​ទៀត​ផង។ ​សម្រាប់​កន្លែង​ស្នាក់​នៅ​វិញ​ ​យប់​ខ្លះ​ស្នាក់​នៅ​ផ្ទះ​សំណាក់​ យប់​ខ្លះ​ស្នាក់​នៅ​វត្ត​ យប់​ខ្លះ​ស្នាក់​នៅ​ផ្ទះ​ប្រជាជន​ ហើយ​​ក៏​​មាន​​យប់​ខ្លះ​បោះ​តង់​ស្នាក់​​នៅ​ក្បែរ​ផ្ទះ​ប្រជាជន​​តែ​​ម្ដង។

ក្រោយ​ពី​រត់​​​បាន​ចម្ងាយ​​ជាង​​ ៣០០​​គីឡូម៉ែត្រ​ ដោយ​ប្រើ​រយៈ​​ពេល​​​ជិត​១០​​ថ្ងៃ រិទ្ធី​ បាន​មក​ដល់​ចំណុច​​ផ្សារ​​ព្រែក​ភ្នៅ​​នៅ​ថ្ងៃ​ទី​២៩ ហើយ​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ធំ​​ចូល​រួម​ជិះ​កង់​ និង​រត់​អម​ដំណើរ​ រិទ្ធី សំដៅ​ទៅ​ការិយាល័យ​កណ្ដាល​របស់ Sabay PC ដែល​ជា​ទី​តាំង​លក់​កុំព្យូទ័រ​របស់​ Sabay។ ​​ជា​មួយ​គ្នា​នោះ​ក៏​មាន​វត្ត​មាន​ ​លោក​ ជី សិលា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay ចូល​រួម​រត់​និង​ជិះ​កង់​អម​ដំណើរ​គម្រោង​នេះ​ផង​ដែរ ដោយ​​ចាប់​​ផ្ដើម​ចេញ​ដំណើរ​ពី​ផ្សារ​​ព្រែក​ភ្នៅ​​ នៅ​​វេលា​ម៉ោង​៧​ព្រឹក។

​          Run the Dream ជា​គម្រោង​មួយ​​ដើម្បី​ស្វែង​រក​ជំនួយ ​​ទ្រទ្រង់​​​គម្រោង​សាងសង់​​ការិយាល័យ​​ សហគ្រិន​ ពាណិជ្ជកម្ម​វ័យ​ក្មេង​នៅ​ភ្នំពេញ​ឈ្មោះ​ថា​ Small World។ ​ការិយាល័យ​​​​របស់​​គម្រោង​​​​ Small World ​នេះ​ គឺ​​សម្រាប់​ជួល​ឲ្យ​ក្រុម​សហគ្រិន​វ័យ​ក្មេង​ ​​និស្សិត​ ​និង​​​​​យុវវ័យ​​ ​​​​ដែល​ចាប់​អារម្មណ៍​លើ​ការ​បង្កើត​អាជីវកម្ម​ ដែល​​ត្រូវការ​​​ទឹក​​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​សម្រេច​​បាន​។ ​ ការិយាល័យ​​ជំរុញ​សហគ្រិន​ភាព​មួយ​នេះ ​នឹង​​​មាន​​​​ការ​ចែក​រំលែក​ចំណេះ​ដឹង​ ​ការ​ពង្រីក​ទំនាក់​ទំនង​សង្គម​ ​​ការ​ជួយ​​​ជ្រោមជ្រែង​​គ្នា​ទៅ​វិញ​ទៅ​មក​​ ​ពី​សំណាក់​យុវវ័យ​ ឬ​សហគ្រិន​​វ័យ​ក្មេង​ ​​ដើម្បី​​បង្កើត​​ឱកាស​ពាណិជ្ជកម្ម​​ប្រកប​ដោយ​ថាមពល។

​          ក្រៅ​​ពី​ស្វែង​រក​ជំនួយ​​ដល់​គម្រោង​នេះ​ ​​Run the Dream ​ក៏​​ធ្វើ​ឡើង​ជា​គំរូ​ដល់​យុវជន​ ដែល​​ធ្លាប់​សុបិន​​ចង់​ធ្វើ​អ្វី​មួយ​ ត្រូវ​​តាំង​ចិត្ត​អោយ​​​មោះមុត​​​ដើម្បី​សម្រេច​គម្រោង​នោះ​ឲ្យ​បាន។ ​

គិត​មក​ដល់​ពេល​នេះ​ Small World​ មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​សប្បុរសជន​​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ Sabay ​​ទឹក​ប្រាក់​១៥០០​ដុល្លារ​ និង​​​​​ឯកឧត្ដម​ ខៀវ កាញារីទ្ធ​​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​ចំនួន​៣០០​ដុល្លារ​ និង​សប្បុរស​ជន​មួយ​ចំនួន​ទៀត​ ដែល​សរុប​ជា​ទឹក​​ប្រាក់​បាន​​ប្រមាណ​​ជាង​ ២​ពាន់​ដុល្លារ​៕ ​

Facebook Notice for EU! You need to login to view and post FB Comments!