League 2012​ជើង​ទី​១​ចាប់​ផ្តើម​ថ្ងៃសៅរ៍​នេះ

ការ​ប្រកួត​បាល់ទាត់​ជម្រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១២ ​ដែល​ហៅ​ថា​League ​ឬ​Metfone ​ Cambodian  League ​ជើង​ទី​១​ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១០​មីនា​នេះ​ហើយ​ ដោយ​មាន​ពីរ​ប្រកួត ។​

សំរាប់​ការ​ជួបគ្នា​ក្នុង​ថ្ងៃ​បើកឆាក​ដំបូង​គេ​នេះ ក្រុម​ណាហ្គា​ខ​ប និង​ត្រូវ​ជួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ(ប៉ូលិស) និង​នៅ​លើក​ទី២ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ជាមួយ ក្រុម​ចម្ការកៅស៊ូ​បឹងកេត។

រវាង​ក្រុម​ណាហ្គា​ខ​ប​និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាការ​ជួប​រវាង​ក្រុម​លំដាប់​លេខ២(ណាហ្គា​ខ​ប) និង​លំដាប់​លេខ៧(ប៉ូលិស) នៅក្នុង​ក្របខ័ណ្ឌ Leagueឆ្នាំ២០១១ ។ ក្នុងការ​ជួបគ្នា​ពីរ​លើក​កាលពី​ឆ្នាំមុន នៅ​ជើង​ទី១ណាហ្គា​ខ​ប​លេង​ចាញ់​ប៉ូលីស១ទល់២ តែ​នៅ​ជើង​ទី២ណាហ្គា​ខ​ប​ឈ្នះ​ប៉ូលិស​វិញ១ទល់០ ​។

ក្រុម​ប៉ូលិស​នេះ សម្បូរ​ទៅ​ដោយ​កីឡាករ​ក្មេងៗច្រើន បើ​ប្រៀប​ជាមួយ​ក្រុម​ណាហ្គា​ខ​ប​នោះ ប៉ុន្តែ​បើ​និយាយ​ពី​ទិច​និ​ច និង​បទពិសោធន៍​នៃ​ការលេង គឺ​មិន​ដល់​នា​ហ្គា​ខ​ប​ទេ ។ ទោះជា​យ៉ាងណាក្តី គេ​មិនអាច​ទស្សន៍ទាយ​មុន​បានទេ​ថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ ត្បិត​ណាហ្គា​ខ​ប​ធ្លាប់​ត្រូវ​ក្រុម​ប៉ូលិស​បំបាក់​ម្តង​រួច​ទៅហើយ​កាលពី​ ជើង​ទី​១League ឆ្នាំទៅ។

ចំពោះ​ការជួប​រវាង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ពីរ​ក្រុម​នេះ​ពុំដែល​ធ្លាប់​ជួបគ្នា​ទេ។ កាលពី​ឆ្នាំមុន ចម្ការកៅស៊ូ​បឹងកេត​មិន​មានមុខ​ក្នុង Leagueទេ ពោលគឺ​ក្រុម​នេះ ទើបតែ​ចូល​លេង​ក្របខ័ណ្ឌ Leagueជា​លើកដំបូង​ប៉ុណ្ណោះ ។

ចម្ការកៅស៊ូ​បឹងកេត ជា​ក្រុម​ដែល​ទើប​ឡើង​មកពី​ក្របខ័ណ្ឌ​ក១ ។ ក្រុម​នេះ ថ្វីត្បិតតែ​ជា​ក្រុម​ថ្មី ប៉ុន្តែ​បានធ្វើ​ព្យុះភ្លៀង​នៅ​ក្នង​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​Hun Sen Cup2012ដែល​ទើប​បញ្ចប់​ទៅថ្មីៗនេះ ។ ក្រុម​នេះ​ពុំទាន់​ដឹង​ច្បាស់ មាន​បញ្ចូល​កីឡាករ​បរទេស​ឲ្យ​ជួយ​លេង​ឬ​អត់​នោះ​ទេ ។

សំរាប់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ គឺមាន​កីឡាករ​ស្បែក​ខ្មៅ​ជួយ​លេង ។គីរីវង់​មាន​លំដាប់​លេខ​រៀង​ទី៦ ក្នុង​ក្របខ័ណ្ឌ Leagueឆ្នាំ២០១១ ។ ក្រុម​នេះ ពិបាក​នឹង​សន្និដ្ឋាន​បាន​ណាស់ ព្រោះ​ពេលខ្លះ​លេង​ល្អ ពេលខ្លះ​លេង​អន់​ទាល់តែ​មែនទែន ។ ដូច្នេះ ជួប​ចម្ការកៅស៊ូ​បឹងកេត​នេះ មិន​ដឹងថា​ឈ្នះ​ឬ​ចាញ់​ទេ ? ។

គួរ​បញ្ជាក់ថា Metfone Cambodian League 2012 មាន​ក្រុម​ចំនួន ១០ ចូលរួម​ប្រកួត ក្នុងនោះ ៨ ក្រុម​ជា​ក្រុម​ដែល​ជា​ប់​ចំណាត់ថ្នាក់​ពី​លេខ១ដល់​លេខ៨នៅក្នុង  League ឆ្នាំ២០១១ និង ២ក្រុម​ទៀត​ជា​ក្រុម​ឡើង​ពី​ក្របខ័ណ្ឌ​ក១មក​ជំនួស ២ ក្រុម​ដែល​ជ្រុះ​ធ្លាក់​ពី League គឺ​ជំនួស​ក្រុម​ព្រែកប្រា​កីឡា និង​ក្រុម​ឫទ្ធី​សែន​ខេត្តកំពង់ឆ្នាំង។រីឯ​ក្រុម​ចំណាត់ថ្នាក់​ទាំង៨នៅក្នុង League ២០១១នោះ រួមមាន​ភ្នំពេញ​ក្រោ​ន  ណាហ្គា​ខ​ប ព្រះខ័ន​រាជ ក្រសួងការពារជាតិ បៀ​ល​ប្រាយ គីរីវង់​សុខ​សែន​ជ័យ អគ្គស្នងការ​នគរបាល​ជាតិ និង ឆ្លាម​សមុទ្រ ។ ចំពោះ ២ ក្រុម​ដែល​ឡើង​មក​ថ្មី​នោះ​គឺ​សាកលវិទ្យាល័យ Western និង ក្រុម​ចំការកៅស៊ូ​បឹងកេត​ខេត្តកំពង់ចាម ។

League ឆ្នាំនេះ លេង២ជុំ​ដូច​ឆ្នាំមុន​ដែរ ដោយ​ចុងក្រោយ​មាន​វគ្គ​Play Off  ។ ក្រុម​ចំនួន ៤ ដែលមាន​ពិន្ទុ​លើ​គេ នឹងត្រូវ​លេង​វគ្គ Play-Off នេះ ដើម្បី​ចំរាញ់​យក​ក្រុម​ជើងឯក​សម្រាប់​ឆ្នាំ២០១២នេះ  ៕