អ្វីទៅជា​ស្រេ្តស ​(ការ​តាន​តឹង​ក្នុង​ចិត្ត)?

ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងសរីរាង្គ​កាយទៅនឹងស្រ្តេសស៊រ័ (ប្រភព​នាំ​ឲ្យ​មាន​ការ​តាន​តឹងក្នុងចិត្ត)។

ស្រ្តេសស៊រ័ (ប្រភពនាំឲ្យមានការតានតឹងក្នុងចិត្ត) មានប្រភពមកពីបរិស្ថាន ទំនាក់ទំនង ការងារ និងសង្គម។ ស្រ្តេស​ជាប​ញ្ហា​មួយ​កើត​ស្ទើរ​តែ​គ្រប់បុគ្គលទាំងអស់ មិនថាស្រ្តីឬបុរស អ្នកមានឬអ្នកក្រ អ្នកជនបទឬទីក្រុង និង​មិន​ថា​តែ​ពេល​ណា​ឬ​មួយ​ណា​ឡើយ​នៃ​ដំណើរ​ជីវិត​រស់​នៅ​របស់​យើងគ្រប់ៗរូប។

ស្ត្រេសនាំទៅដល់ការប៉ះពាល់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន។

១.​ អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះសម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។

២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។

អ្វីខ្លះជារោគសញ្ញាស្ត្រេស?

រោគសញ្ញានៃស្ត្រេសមានដូខខាងក្រោម៖

១. ការបម្រែបម្រួលរាង្គកាយៈ បេះដូងដើរញាប់ និងចង្វាក់ដង្ហើមខ្លីៗ ឈឺក្បាល វិលមុខ ត្រជាក់ចុងដៃ-ជើង រសេសរសោះ អស់កម្លាំង ​ល្ហិតល្ហៃ​ ចុកចាប់​ តឹងណែនសាច់ដុំ ឈឺចុកចាប់​ក្នុងក្រពះ ចង្អោរ ឬរកកលចង់ក្អួត នោមញឹក។

២. ការបម្រែបម្រួលអារម្មណ៍ៈ តឹងតែងក្នុងចិត្ត ព្រួយចិត្ត ឬធ្លាក់ទឹកចិត្ត ព្រួយបារម្ភ ឆេវឆាវ ឬខឹងច្រើន។

៣. ការបម្រែបម្រួលអាកប្បកិរិយាៈ ញ៉ាំមានការប្រែប្រួល មិនចង់ចូលរួមកិច្ចការសង្គម វិបត្តិដំណេក វិបត្តិផ្លូវភេទ ឥរិយាបទ​ឈាន​ទៅ​រក​ការ​សេព​គ្រឿងញៀន សុរា។

៤.​ ការបម្រែបម្រួលលើគំនិតៈ ការចង់ចាំ និងការផ្ចង់គំនិតថតចុះ ពិបាកក្នុងការសម្រេចចិត្ត មានគំនិតអវិជ្ជមាន អស់សង្ឃឹម។

វិធី​ព្យាបាលងាយៗក្នុងការគ្រប់គ្រងស្រ្តេស

ការគ្រប់គ្រងទៅលើស្ត្រេសមានវិធីសាស្ត្រ ៤ យ៉ាង ដូចខាងក្រោម៖

១.​ ការកំណត់សញ្ញាស្ត្រេសឲ្យឃើញតាំងតែពីដំបូង

២. ការវិភាគឲ្យឃើញនូវប្រភព ឬមូលហេតុស្ត្រេស

៣. ការឆ្លើយតបដោយវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ឬដោះស្រាយនូវរាល់ប្រភពនៃស្រ្តេស​ទាំងនោះ៖

-ការចំណាយពេលវេលាលំហែរខាងក្រៅផ្ទះ ឬក្រៅពីការិយាល័យធ្វើការ

-ប្រើវិធីសាស្ត្រនៃការដកដង្ហើមនៅពេលដែលតានតឹង

-ប្រើវិធីសាស្ត្របែបសម្រាកសាច់ដុំ ជាដំណាក់កាលៗ

៤. វិធីការពារនូវស្រេសថ្មីៗផ្សេងទៀតដែលនឹងអាចកើត

*ប្រការចាំបាច់គួរតែធ្វើ៖

-ការសម្រាកកាយ ចិត្ត

-ការធ្វើលំហាត់ប្រាណដោយទៀតទាត់ និងជាប្រចាំ

-ការញ៉ាំដោយមានតុល្យភាពរវាងសាច់ បន្ថែម ផ្លែឈើ និងគ្រាប់ធញ្ញជាតិនានា

*ប្រការដែលមិនគួរធ្វើ៖

-ពិសារស្រា ការសេពគ្រឿងញៀន

-ពិសារកាហ្វេ បារី

វិធីសាស្ត្រផ្សេងទៀត៖

១. ភាពលេងសើចសប្បាយឲ្យបានជាប្រចាំក្នុងពេលកំពុងបំពេញការងារជាមួយនឹងអ្នករួមការងារ

២. ការកម្សាន្តតាមទីរមនីយដ្ឋាននានា ការធ្វើដំណើរដោយថ្មើជើង ឬធាក់កង់ទៅទីកន្លែងផ្សេងដែលមានខ្យល់អាកាសបរិសុទ្ធ ឡើងភ្នំជាដើម។ល។

៣. ការធ្វើសមាធិ

៤.​ ការព្យាបាលបែបបុរាណដោយធ្វើម៉ាស្យា៕

អត្ថបទដោយ៖ មន្ទីរព្យាបាលជំងឺផ្លូវចិត្តសាន់រ៉ាយ

ទូរស័ព្ទ៖ ០២៣ ៩៩៧ ២០០/០១២ ៥៤៥ ៥៦៥