ប្រ​ទេស​​ឥណ្ឌា​​៣០០​ នាក់​​ធ្លាក់​​ខ្លួន​​ឈឺ​​ជា​​ទម្ងន់​​ដោយ​​សារ​​ពុល​​​ម្ហូប​​អាហារ​

​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ជាង​ ៣០០​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ អង្គារ​ម្សិលមិញ​ ក្រោយ​ពី​ជន​រង​គ្រោះ​ទាំង​នោះ​ បាន​ពុល​ម្ហូប​អាហារ​ នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​។​

នគរ​បាល​សណ្តាប់​ធ្នាប់​ភូមិ​ម្នាក់​ បាន​អោយ​ដឹង​ថា​ ក្នុង​ចំណោម​ជន​រង​គ្រោះ​​ជាង​ ៣០០​ នាក់​នោះ​ក៏​មាន​មេ​ភូមិ​ម្នាក់​ផង​ដែរ​ ហើយ​ជន​រង​គ្រោះ ​ប្រមាណ​ជា​ពី​ ៤០​ ទៅ​ ៥០​ នាក់​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាទីបំផុត​។​

ក្រុម​អាជ្ញា​ធរ​បាន​អោយ​ដឹង​ថា​ ការ​ពុល​ម្ហូប​អាហារ​នេះ​ បាន​កើត​ឡើង​ ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ ឆូរ៉ូលី​ បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​កំសាន្ត​ភូមិ​ ជា​រៀង​រាល់​ឆ្នាំ​តាម​ទំលាប់​ ហើយ​ការ​ពុល​ម្ហូប​អាហារ​នេះ​តាម​ការ​សន្និដ្ឋាន អាច​បណ្តាល​មក​ពី​បន្លែ​ដែល​ប្រជា​ពល​រដ្ឋ​យក​ទៅ​ធ្វើ​ម្ហូប​ក្នុង​ពិធី​នោះ ​៕

មន្ត្រី​នគរ​បាល​បាន​អោយ​ដឹង​ថា​ នគរ​បាល​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ គ្រោះ​ថ្នាក់​នេះ​ អាច​កើត​ឡើង​ដោយ​សារ​តែ​បន្លែ​ឬ​យ៉ាង​ណា​នោះ​ទេ​៕​