នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បាននិយាយនៅថ្ងៃអាទិត្យកន្លងទៅនេះថា ចិនបានយល់ព្រមបង្កើនការទិញអង្ករប្រចាំឆ្នាំ ចំនួន១លានតោននិងកៅស៊ូ ២០ម៉ឺនតោនក្នុងមួយឆ្នាំពីប្រទេសថៃ។
យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានចុះផ្សាយដោយស្រង់សម្ដី លោកស្រីយីងឡាក់ថា កិច្ចព្រមព្រៀងស្តីពីការទិញអង្ករនេះ ជាកិច្ចព្រមព្រៀងដែលមានទំហំធំជាងមុនរវាងប្រទេសទាំង២ ជាមួយគ្នានេះផងដែរ ប្រទេសចិនបានសន្យាទិញអង្ករ ១លានតោនពីប្រទេសថៃសម្រាប់រយៈពេល៥ឆ្នាំ។
លោកស្រីបានលើកឡើងបែបនេះ បន្ទាប់ពីលោកស្រីបានអមដំណើរនាយករដ្ឋមន្ត្រីចិន លោកលី ឃើឈៀង ដែលបានធ្វើទស្សនកិច្ចនៅខេត្តឈៀងម៉ៃ ប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រីចិន បានចាកចេញពីប្រទេសថៃកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានដំណើរទស្សនកិច្ចចំនួន៣ថ្ងៃរបស់លោកនៅក្នុងប្រទេសថៃ ដោយលោក បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម៕