កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបណ្ដុះបណ្ដាលទាហានរបស់ខ្លួនចំនួន ៦០០០នាក់ នូវជំនាញខាង Hack ដោយអាចបំផ្លាញ និងអាចសម្លាប់មនុស្សបាន នេះបើយោងតាមអ្នកជំនាញខាងវិទ្យាកុំព្យូទ័របានប្រាប់ BBC ។
លោក Prof Kim Heung-Kwang អ្នកជំនាញខាងបច្ចេកវិទ្យា និងជាបុគ្គលិកដែលត្រូវបានកូរ៉េខាងជើងចោទប្រកាន់ថា ជាជនក្បត់នោះ បានប្រាប់ BBC ថា ទាហារកូរ៉េខាងជើងប្រមាណជាង ២០ទៅ៣០ភាគរយ ស្មើនឹង ៦០០០នាក់ ត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាង បណ្ដុះបណ្ដាលជំនាញខាង Hack ដោយមានសមត្ថភាពខ្ពស់ក្នុងការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ និងអាចសម្លាប់មនុស្សតាមប្រព័ន្ធនេះបានទៀតផង។ បុគ្គលរូបនេះ បានអះអាងថា ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony Pictures ពិតជាត្រូវបានកូរ៉េខាងជើងជាអ្នកប្រព្រឹត្ត ហើយនៅមានបទល្មើសជាច្រើនទៀត ដែលជាទង្វើរបស់កូរ៉េខាងជើង។ គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មាននេះ នៅមុនទាន់មានប្រតិបត្តិពីខាងកូរ៉េខាងជើងនោះទេ ប៉ុន្តែព័ត៌មាននេះ បានធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តមានការចាប់អារម្មណ៍ ហើយក៏ព្រួយបារម្ភផងដែរ៕