បវរកញ្ញាកម្ពុជា ប៉ូ គឹមថេងសុតធីតា ចាកចេញពីមាតុប្រទេសនៅថ្ងៃនេះ ដើម្បីប្រកួត «Miss Grand International» នៅប្រទេសថៃ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជ័យជំនះ ឈ្នះមកុដពីកម្មវិធីប្រកួតបវរកញ្ញាក្នុងស្រុក ពេលនេះ កញ្ញា ប៉ូ គឹមថេងសុតធីតា តំណាងឲ្យបេក្ខនារីកម្ពុជា បានចាកចេញពីមាតុប្រទេសនៅថ្ងៃនេះហើយ ដើម្បីប្រកួត«Miss Grand International» នៅប្រទេសថៃ។

យោងតាមផេក «Miss Grand Cambodia» បានឲ្យដឹងថា «ពេលនេះកញ្ញាប៉ូ គឹមថេងសុតធីតា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា២០២១ ( Miss Grand Cambodia 2021 ) បានត្រៀមនឹងចេញដំណើរហោះហើរពីមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ ខេត្តភូកេតហើយ ជូនពរកញ្ញាអាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងនាំមុខមាត់ជូនមកប្រទេសកម្ពុជាវិញ»។

សូមរំលឹកផងដែលថា ការប្រកួតបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬMiss Grand International ឆ្នាំ២០២១ នឹងប្រារព្ធនៅខេត្តភូកេត ប្រទេសថៃ ដោយកាលបរិច្ឆេទនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕