របបសឹកមីយ៉ាន់ម៉ាថា មិនបានធ្វើបាបលោកស្រី អោង សាន ស៊ូជី ឡើយ

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថាអាជ្ញាធររបស់ខ្លួនមិនបានធ្វើបាប ឬធ្វើទុក្ខទោសដាក់អតីតមេដឹកនាំដែលត្រូវបាន បណ្ដេញចេញពីអំណាច លោកស្រី អោង សាន ស៊ូជី នោះទេ។

លោក Zaw Min Tun ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកកាសែតអាមេរិកម្នាក់គឺលោក Danny Fenster ដែលត្រូវបានកាត់ទោស ដាក់ពន្ធនាគារ ១១ឆ្នាំ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីចន្ទសប្ដាហ៍នេះ។

លោក Zaw Min Tun បានបញ្ជាក់ថាលោកស្រី ស៊ូជី ទទួលបានការមើលថែយ៉ាងដិតដល់ អំឡុងពេលជាប់ឃុំនៅក្នុងផ្ទះមួយ (ដែល គេមិនបានដឹងថាស្ថិតនៅទីណាឡើយ)។ លោក បន្ថែមថាអាជ្ញាធរមីយ៉ាន់ម៉ា ក៏បានព្យាយាមមើលថែលោកស្រី និងបំពេញតាមបំណងចង់បាន ឬអ្វីដែលលោកស្រី ចង់ហូបផងដែរ។

លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ មិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីផ្ទុះព្រឹត្តការណ៍ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជា ការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីពីអំណាចកាលពីខែកុម្ភៈដើមឆ្នាំនេះមកម្ល៉េះ។

លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនករណី ក្នុងនោះរួមមានទាំងការកាន់កាប់វិទ្យុទាក់ទងខុសច្បាប់, បំពានវិធានការ ទប់ស្កាត់ COVID-19, ពុករលួយ ហើយចុងក្រោយបំផុតលោកស្រី ត្រូវបានគេរាយការណ៍អាចនឹងប្រឈមមុខនឹងបទចោទប្រកាន់ពាក់ព័ន្ធនឹងការលួចបន្លំ សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ៕