តារាជើងចាស់! ទេព រិនដារ៉ូ ដាច់ចិត្តទម្លាយមូលហេតុ មិនយកប្រពន្ធ

(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាមានចម្ងល់ហើយ ជុំវិញជីវិតគ្រួសាររបស់តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ ខណៈបច្ចុប្បន្ននេះរូបលោក ត្រូវបានគេដឹងថា មិនទាន់សម្រេចចិត្តយកភរិយាឡើយ។

ជុំវិញចម្ងល់ទាំងនេះ តារាភាពយន្តជើងចាស់ ទេព រិនដារ៉ូ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា រយៈពេល៣០ឆ្នាំកន្លងមកនេះ ជាពេលវេលាដែលលំបាកសម្រាប់រូបលោក ព្រោះនៅក្នុងគ្រួសារ លោកត្រូវដើរតួជាឪពុកផង ជាម្ដាយផង និងជាបងផង ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាសមាជិកក្នុងគ្រួសារ។ ដូច្នេះលោកមិនអាចធ្វើអ្វីសម្រាប់ខ្លួនឯងបាននោះទេ។ ម្យ៉ាងទៀត មកដល់ពេលនេះ លោកទម្លាប់រស់នៅនឹងជិវិតពោះម៉ាយបានល្អហើយ លោកមិនចង់កែប្រែទម្លាប់របស់លោកនោះទេ ម្យ៉ាងលោកមានវ័យចាស់ណាស់ហើយ។

លោក ទេព រិនដារ៉ូ បញ្ជាក់ថា «ឥឡូវនេះ វាជាទម្លាបដែលខ្ញុំរស់នៅម្នាកឯងបានស្រួសហើយ។ អ៊ីចឹងខ្ញុំមិនចង់កែប្រែទម្លាប់ខ្ញុំតទៅទៀតទេ ព្រោះចាស់ហើយ»។
ទោះបីជាយ៉ាងណា លោក ទេព រិដារ៉ូ បានអះអាងទៀតថា រូបលោកមិនធានា ឬសន្យានឹងខ្លួនឯងទេថា មិនយកប្រពន្ធនោះទេ រង់ចាំមើលពេលវាលាទៅមុខបន្តទៀត ព្រោះពេលខ្លះមិនអាចដូចការរំពឹង និង ការសន្យានោះឡើយ។ លោក ទេព រិនដារ៉ូ បានបញ្ជាក់ទៀតថា «មិនហ៊ានធានា ឬសន្យាខ្លួនឯងថា មិនយកប្រពន្ធនោះទេ ចាំមើលពេលវេលាតទៅទៀត។ ពេលខ្លះមិនអាចដូចការសន្យាខ្លួនឯងនោះទេ។ ព្រោះតាំងពីដើមរហូតមកដល់ពេលនេះ ខ្ញុំដើរមួយជំហាន ខ្ញុំគិតមួយជំហាន មិនសូវគិតពីថ្ងៃអនាគតប៉ុន្មានទេ»។

គួបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ១៩៨៧ លោក ទេព រិនដារ៉ូ បានរៀបការជាមួយនារីម្នាក់ ដែលរៀបចំដោយឪពុកម្ដាយ។ តែដោយសារតែគ្មានមនោសញ្ចេតនាអ្នកទាំង ២ក៏បានលះលែងគ្នាក្នុងឆ្នាំ ១៩៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាងមួយឆ្នាំ ។ ក្រោយមកអតីតភរិយាក៏បានចេញទៅនៅបរទេស។ តាំងពីពេលនោះមកធ្វើឲ្យលោកក្លាយជាបុរសពោះម៉ាយរហូតមកដល់ពេលនេះ៕