សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នោះ។ នេះបើយោងតាមសារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។

ក្នុងសារសំឡេងខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត ព្រោះកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះ សូមថ្លែងអំណរគុណ ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា អរគុណចំពោះសហរដ្ឋអាមេរិក ប្រទេសជប៉ុន អង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថា នៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី និងបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី ២៦ ខែធ្នូ និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប្រមាណជា ២លាន ៣សែនដូស ថែមទៀត។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញ អ្នកឆ្លងសរុបទូទាំងប្រទេចំនួន១២០,៤២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប ១១៦,៨០៣នាក់ និងមានអ្នកស្លាប់ សរុប៣,០០៥នាក់ ។