មនុស្សស្លាប់ដោយសារព្យុះទីហ្វុង Rai នៅហ្វីលីពីន កើនដល់ ២០៨នាក់(Update)

(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បង្កឡើងដោយព្យុះទីហ្វុង រ៉ៃ (Rai) ដែលត្រូវបានចាត់ទុកថាជាព្យុះទីហ្វុងដ៏កំណាចបំផុត ដែលបានបោកបក់មកលើទឹកដី ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២១នេះ បានកើនឡើងដល់ ២០៨នាក់ហើយ។

បន្ថែមពីលើចំនួនមនុស្សស្លាប់ មនុស្ស ២៣៩នាក់ផ្សេងទៀតបានទទួលរងរបួស និង ៥២នាក់បាត់ខ្លួន។ ព្យុះទីហ្វុង Rai បានបោកបក់ទៅលើប្រជុំកោះ ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ ចំនួនមនុស្សស្លាប់ទាំង ២០៨នាក់នោះ វាគឺជាព្យុះដែលបានបង្កឲ្យមនុស្សបាត់បង់ជីវិត ច្រើនជាងគេបំផុតហើយនៅក្នុងឆ្នាំ២០២១នេះ។

ព្យុះទីហ្វុង Rai ក៏បានបង្កឲ្យមនុស្សជាង ៣០០,០០០នាក់រត់ភៀសខ្លួន ចេញពីលំនៅឋានផងដែរ។

តំបន់ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែព្យុះទីហ្វុង Rai នោះគឺកោះ បូហុល (Bohol) ដែលជាតំបន់ទេសចរឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដោយនៅលើកោះនោះតែឯង គេបានរកឃើញមនុស្សស្លាប់រហូតដល់ ៧៤នាក់ទៅហើយ៕

ប្រភព៖​​​​​​  AFP