ចិន ថាតៃវ៉ាន់ប្រៀបដូចជា «ជនពនេចរម្នាក់» ដែលនឹងត្រឡប់មកផ្ទះវិញនៅថ្ងៃណាមួយ

(ប៉េកាំង)៖ កោះតៃវ៉ាន់ ប្រៀបបានដូចជា «ជនពនេចរម្នាក់» ដែលនឹងវិលត្រឡប់មករកផ្ទះរបស់ខ្លួនវិញនៅថ្ងៃណាមួយ និងមិនមែនជាកូនអុកសម្រាប់ឲ្យ អ្នកដទៃប្រើប្រាស់នោះឡើយ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។

លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី២០ ខែធ្នូនេះ។ បើតាមរដ្ឋមន្ត្រីការបរទេសចិនរូបនេះ
ដើមចមនៃភាពតានតឹងបច្ចុប្បន្ន គឺដោយសារតែ ការពឹងផ្អែករបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ទៅលើសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ង់ស្វែងរកឯករាជ្យភាព ព្រមទាំងការដែលអាមេរិក រួមនិងប្រទេសដទៃទៀត ព្យាយាមប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។

លោក វ៉ាង យី បានបន្ថែមថាដើម្បីឆ្លើយតបចំពោះបញ្ហានេះ ចិនត្រូវបង្ខំចិត្តចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីបំបាក់ភាពក្រអឺតក្រទម របស់ក្រុមដែលព្យាយាមស្វែងរកឯករាជ្យភាពឲ្យតៃវ៉ាន់។ តៃវ៉ាន់ប្រៀបដូចជា ជនពនេចរម្នាក់ដែលនៅចុងបញ្ចប់ មុខតែនឹងត្រូវត្រឡប់មកផ្ទះវិញ និងមិនមែនជាកូនអុកសម្រាប់ឲ្យ អ្នកដទៃយកទៅប្រើឡើយ៕

ប្រភព៖​​​​​​  AFP