ចិន មិនខ្លាចប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើយ, នេះបើតាមប្រមុខការទូតចិន

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកនោះទេ ខណៈមហាអំណាចទាំង២ កំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នាសឹងតែលើគ្រប់វិស័យ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងប៉េកាំង លោក វ៉ាង យី បានបញ្ជាក់ថា «ប្រសិនបើវាជាការប្រឈមមុខដាក់គ្នា នោះចិននឹងមិនខ្លាចនោះឡើយ ហើយនឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់អ្វីទេ ប៉ុន្តែវាគួរធ្វើឡើងក្នុងផ្លូវវិជ្ជមាន»។

តែយ៉ាងណាក៏ដោយ ប្រមុខការទូតចិនរូបនេះនៅតែបញ្ជាក់ជំហរដដែលថាចិនស្វាគមន៍ជានិច្ចចំពោះ កិច្ចសហប្រតិបត្តិការជាមួយអាមេរិក បើវាផ្តល់ផលប្រយោជន៍ឲ្យទាំងសងខាង។

ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតមួយយ៉ាងទាប ជុំវិញភាពមិនចុះសម្រុងគ្នាជាច្រើន រួមមានដូចជា ប្រភពដើមនៃជំងឺឆ្លងរាតត្បាត COVID-19, ពាណិជ្ជកម្ម, សិទ្ធិមនុស្ស, និងតៃវ៉ាន់៕

ប្រភព៖ AFP