ជប៉ុន ប្រហារជីវិតអ្នកទោសជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្យួរកអ្នកទោស ៣នាក់ ដែលជាការប្រហារជីវិតអ្នកទោសជាលើកដំបូងបំផុតក្នុងរយៈពេល ២ឆ្នាំមកនេះ ដោយរដ្ឋាភិបាលបញ្ជាក់ពីភាពចាំបាច់ណាស់ ក្នុងការរក្សាការអនុវត្តទោសប្រហារជីវិត ប្រឈមមុខនឹងបទឧក្រិដ្ឋសាហាវឃោរឃៅនៅតែបន្តកើតមាន។

បើតាមក្រសួងយុត្តិធម៌ជប៉ុន អ្នកទោសជាបុរសទាំង៣នាក់ខាងលើ ដែលត្រូវបានប្រហារជីវិតដោយព្យួរក សុទ្ធតែបានប្រពឹត្តបទឧក្រិដ្ឋឃាតកម្មកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៤។

ជប៉ុនស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ្ឍមួយចំនួនតូច ដែលនៅតែរក្សាការអនុវត្តទោសប្រហារជីវិត ហើយការគាំទ្រទោសប្រហារជីវិតនៅក្នុងចំណោម ប្រជាជនជប៉ុន នៅតែស្ថិតក្នុងអត្រាខ្ពស់ ទោះបីជាមានការរិះគន់ពីអន្តរជាតិ ជាពិសេសពីសំណាក់អង្គការសិទ្ធិមនុស្សក៏ដោយ។ នៅសល់អ្នកទោស ច្រើនជាង ១០០នាក់ កំពុងរង់ចាំការកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសជប៉ុន៕

ប្រភព៖​​​​​​ AFP