ហ្វីលីពីន៖ ព្យុះទីហ្វុង Rai បង្កការខូចខាតគិតជាទឹកប្រាក់ស្មើនឹងជាង ២៥លានដុល្លារ

(ម៉ានីល)៖ ប្រជាជនច្រើនជាង ១.៣៨លាននាក់ នៅក្នុងប្រទេសហ្វីលីពីន បានទទួលរងផលប៉ះពាល់បង្កឡើងដោយព្យុះទីហ្វុង Rai ដែលបានបង្កការខូចខាតដល់ សេដ្ឋកិច្ចជាតិគិតជាទឹកប្រាក់ ២៥.៩៣លាន ដុល្លារផងដែរ។ នេះបើតាមក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី២២ ខែធ្នូនេះ។

ព្រមពេលជាមួយគ្នា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានប្រកាសភាពអាសន្ននៃគ្រោះមហន្តរាយ នៅតាមតំបន់ជាច្រើន ដើម្បីបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងជួយដល់ ជនរងគ្រោះដោយសារព្យុះទីហ្វុង Rai ដែលបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសកាលពីសប្ដាហ៍មុន។

បើតាមរដ្ឋាភិបាលទីក្រុងម៉ានីល មនុស្ស១៥៦នាក់បានស្លាប់ដោយសារព្យុះទីហ្វុង Rai តែប៉ូលិសជាតិហ្វលីពីនអះអាងថាមនុស្សយ៉ាងហោច ៣៧៥នាក់ ឯណោះត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ឬបាត់ខ្លួន៕

ប្រភព៖ Reuters