លោក ពូទីន ព្រមានថារុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការប្រើកម្លាំងយោធា ជុំវិញសំណុំរឿងអ៊ុយក្រែន

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយកម្លាំងយោធាទៅនឹងសកម្មភាពអមិត្ត របស់បណ្ដាប្រទេសលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។

ការព្រមានរបស់លោក ពូទីន ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីនៃក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមលោក ពូទីន បណ្ដាប្រទេស លោកខាងលិច នៅតែបន្តរក្សាជំហរយ៉ាងគឃ្លើនរបស់ខ្លួន ម្លោះហើយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅនឹងរាល់សកម្មភាពអមិត្ត ទៅតាមសិទ្ធិដែលខ្លួនមានដើម្បីការពារ ខ្លួន»។

តែទោះជាបែបនេះក្ដីបុរសខ្លាំងរុស្ស៊ីរូបនេះក៏បានអំពាវនាវផងដែរឱ្យមានកិច្ចចរចាដ៏ប្រាកដប្រជាមួយ ស្ដីពីតម្រូវការសន្តិសុខដែលរុស្ស៊ីបានលើកឡើង ទៅកាន់អង្គការ NATO និងសហរដ្ឋអាមេរិក កំឡុងកិច្ចសន្ទនាលើកដំបូងតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ថ្មី លោក Olaf Scholz។

រុស្ស៊ី និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនសប្ដាហ៍ថាជាអ្នកបង្កឱ្យមានភាពតានតឹង ដូចសព្វថ្ងៃ ស្របពេលមន្ត្រីចារកម្មអាមេរិក និងអឺរ៉ុបព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖ AFP