អ៉ីស្រាអែល ប្រកាសពីផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៤» សម្រាប់មនុស្សចាស់

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ជូនដល់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។

ការសម្រេចចិត្តបែបនេះ កើតមានឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារមេរោគបំប្លែងថ្មី Omicron ជាលើកដំបូង នៅក្នុងប្រទេស អ៉ីស្រាអែល។

ក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលអ៉ីស្រាអែល បានផ្តល់អនុសាសន៍ឱ្យផ្ដល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសទី៤» ហើយអនុសាសន៍នេះក៏ទទួលបាន ស្វាគមន៍ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett ផងដែរ។

ការសម្រេចចិត្តនេះ កំពុងរង់ចាំការអនុម័តជាផ្លូវការ ពីក្រុមមន្ត្រីសុខាភិបាលជាន់ខ្ពស់ តែលោក Naftali Bennett បានជំរុញប្រជាជនអ៉ីស្រាអែល ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖​​​​​​ Reuters