គ្រូបង្រៀន និងប្រជាពលរដ្ឋឃុំបាសាក់ ស្នើរសុំរាជរដ្ឋាភិបាល ជួយកសាងផ្លូវដើម្បីកុំឱ្យមានសិស្សបញ្ឈប់ការសិក្សាបន្ថែមទៀត

បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារនៃ ៣ភូមិ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ដបាត់ដំបងសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយកសាងផ្លូវប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកុំឱ្យមានសិស្សត្រូវបញ្ឈប់ការសិក្សាដោយសារផ្លូវលំបាក និងបង្កការងាយស្រួលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺឈឺ និងពេលមានស្ត្រីសម្រាលកូន។

លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាចក្រីថ្លែងថា សព្វថ្ងៃពួកគាត់ជាគ្រូបង្រៀនមកពីចម្ងាយស្នាក់នៅសាលារៀនដោយសារសាលារៀនរបស់ពួកគាត់ស្ថិតនៅជនបទមានផ្លូវពិបាកធ្វើដំណើរទៅមក។ ក្រុមគ្រូបង្រៀនបន្តថា«រាល់ថ្ងៃការបង្រៀនត្រូវប្រើប្រព័ន្ធអ៊ីនធឺណេត ខណៈសាលាមួយនេះពុំមានសេវាទូរសព្ទនោះទេ ដូច្នេះហើយពេលមានកិច្ចការត្រូវផ្ញើឯកសារទៅកាន់មន្ទីរ ឬក្រសួងត្រូវធ្វើដំណើរទៅកាន់ជើងភ្នំបាសាក់ ដែលមានចម្ងាយប្រមាណ៤ ទៅ៥គីឡូម៉ែត្រ តែផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរខ្លាំងណាស់»។

ក្រុមគ្រូបង្រៀនបន្ថែមថា «ផ្លូវដែលចេញពីសាលាទៅរកសេវាទូរសព្ទនៅរដូវប្រាំងមានជង្ហុក ដីហុយ បើរដូវវស្សាវិញមិនបាច់ធ្វើដំណើរទៅណាទេ ហើយដោយសារបញ្ហាផ្លូវលំបាកនេះបណ្ដាលឱ្យសិស្សជាច្រើនត្រូវសម្រេចចិត្ដបញ្ឈប់ការសិក្សានៅកម្រិតអនុវិទ្យាល័យដោយពួកគាត់ធ្វើដំណើរទៅសិក្សាពុំកើត»។

ពលរដ្ឋក្នុងភូមិជនបទទាំង ៣ភូមិបានថ្លែងថា សព្វថ្ងៃពួកគាត់ជួបបញ្ហាជាច្រើនដោយសារផលលំបាកដោយសារផ្លូវមួយខ្សែនេះ ។ ពលរដ្ឋបន្តថា «ពេលមានជំងឺឈឺ ពិបាកក្នុងការដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពណាស់ ជាពិសេសនៅពេលមានអ្នកត្រូវសម្រាលកូនទម្រាំដឹកដល់មណ្ឌលសុខភាពពេលខ្លះត្រូវសម្រាលតាមផ្លូវក៏មាន»។ ពលរដ្ឋថា «គឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះផ្លូវរលាក់បើខែវស្សាវិញរអិល អាចនឹងប៉ះពាល់ដល់កូនក្នុងពោះថែមទៀតផង» ។

លោក អោម វណ្ណដា មេភូមិបាសាក់ បានថ្លែងថា ផ្លូវក្នុងភូមិរបស់លោកពិតជាលំបាកមែន ហើយមិនមែនតែក្នុងភូមិនេះទេផ្លូវនេះមានការលំបាកចាប់តាំងពីឃុំព្រែកជីកមកម៉្លេះ តែចំណុចជួបបញ្ហាខ្លាំងដែលបង្កឱ្យសិស្សពិបាកធ្វើដំណើរទៅសិក្សានៅកម្រិតអនុវិទ្យាល័យ និងពលរដ្ឋធ្វើដំណើរទៅមន្ទីរពេទ្យ ឬធ្វើដំណើរទៅណាផ្សេងគឺត្រង់ចំណុចចាប់ពីជើងភ្នំបាសាក់មកកាន់ភូមិបាសាក់ ភូមិអូររំចេក និងភូមិបោះដូងតែម្ដង។ លោកមេភូមិបានបញ្ជាក់ថា «ផ្លូវមួយខ្សែនេះត្រូវបានប្រជាពលរដ្ឋទាំង ៣ភូមិប្រើប្រាស់ធ្វើដំណើរជាប្រចាំ និងក៏ជាផ្លូវដែលដឹកកសិផលដែលប្រជាកសិករប្រមូលផងជាច្រើនផងដែរ»។

យ៉ាងណាមិញ លោកមេភូមិ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ រស់នៅជនបទទាំង ៣ភូមិនៃឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ដបាត់ដំបង សូមសំណូមដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយកសាងផ្លូវមួយខ្សែប្រមាណ ៧គីឡូម៉ែត្រនេះសិន ក៏បានដើម្បីកុំឱ្យមានសិស្សឈប់ទៅសិក្សានៅកម្រិតអនុវិទ្យាល័យ និងបង្កភាពងាយស្រួលធ្វើដំណើរទៅកាន់មណ្ឌលសុខភាពពេលឈឺ ឬមានស្ត្រីសម្រាលកូនជាដើម ។

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ស៊ា ស៊ី មេឃុំបាសាក់បានថ្លែងឱ្យដឹងថា ផ្លូវក្នុងឃុំបាសាក់ទូទៅត្រូវបានខូចខាតដោយសារទឹកជំនន់នាពេលកន្លងមកពិតមែន ហើយចំណុចដែលប្រជាពលរដ្ឋលើកឡើងនេះរដ្ឋបាលឃុំមានគម្រោងយកថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ដើម្បីជួសជុលផងដែរ។ លោកមេឃុំ បន្តថា «ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់ប្រមាណ ២៦០លានរៀលគឺរដ្ឋបាលឃុំគ្រោងនឹងយកទៅដាក់ដេញថ្លៃជួសជុលផ្លូវចាប់ពីចំណុច លើខ្នងអាងបាសាក់ ឆ្លងកាត់ភូមិបាសាក់ ភូមិបោះដូង និងភូមិអូររំចេក ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ»។ លោកបញ្ជាក់ថា គម្រោងនេះពុំទាន់បានដាក់ដេញថ្លៃនៅឡើយទេ ហើយសម្រាប់ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់មិនទាន់ដឹងថា អាចគ្រប់គ្រាន់សម្រាប់ជួសជុលផ្លូវប្រវែងប្រមាណ ៧គីឡូនេះដែរ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ៣ភូមិ គឺភូមិបាសាក់ ភូមិអូររំចេក និងភូមិបោះដូង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៨០០គ្រួសារ កំពុងរងផលលំបាកផ្សេងៗដោយ សារផ្លូវមួយខ្សែនេះ៕