លោក ចូ បៃដិន ថាអាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០២៤ បើនៅតែមានសុខភាពល្អ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហើបថាលោកមានផែនការចូលរួមក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី២ របស់លោក នៅឆ្នាំ២០២៤ ខាងមុខនេះ ប្រសិនបើលោកនៅតែមានសុខភាពល្អ។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងពិធីករទូរទស្សន៍ ABC News លោក David Muir ដែលបានសួរប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ អំពីចេតនាក្នុងការចូលរួម ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី ២ របស់លោក នៅក្នុងឆ្នាំ២០២៤។

លោក ចូ បៃដិន ក៏ធ្លាប់បានសន្យាកាលពី អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២០ផងដែរថា លោកនឹងកាន់តំណែងឲ្យបាន ២ អាណត្តិ ឬស្មើនឹងរយៈពេល ៨ឆ្នាំ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី១៕

ប្រភព៖ The Hill