រយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ

កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានប្រព្រឹត្តទៅខេត្តកំពង់ចាម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ឯកឧត្តមអភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត តំណាងអង្គការជាតិ តំណាងក្រុមហ៊ុន យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួយពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ និងដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋានជាតិ អន្តរជាតិក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបដែលជាក្តីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល។

រយៈពេល១១ខែនៃឆ្នាំ២០២១  គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖នៅក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានថយចុះចំនួន៩៤២លើក ស្មើនឹង២៣% អ្នកស្លាប់ បានថយចុះចំនួន៣៣៥នាក់ ស្មើនឹង១៧% អ្នករបួសថយចុះចំនួន១៤៥៥នាក់ ស្មើនឹង២៤% ប្រៀបធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%។

 

Facebook Notice for EU! You need to login to view and post FB Comments!