គណបក្សប្រជាជនកម្ពុជា បានជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី នាពេលអនាគត

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានឲ្យដឹងថា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំងជាបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

ដោយឡែកសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលសម្តេច និងលោកជំទាវ ជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ផងដែរនោះ ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ៕

 

ប្រភព៖​​​​​​ AKP