អ៉ីរ៉ង់ ធ្វើសមយុទ្ធយោធាបាញ់តេស្ដមីស៊ីលជាច្រើនគ្រាប់ ជាសារព្រមានអ៉ីស្រាអែល

(តេហេរ៉ង់)៖ មេបញ្ជាការយោធាជាន់ខ្ពស់អ៉ឺរ៉ង់ លោកឧត្ដមសេនីយ៍ Hossein Salami បាននិយាយថាការធ្វើសមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅក្នុងសប្ដាហ៍នេះ គឺជាការបញ្ជូនសារព្រមាន មួយទៅកាន់អ៉ីស្រាអែល ចំពោះមុខការព្រួយបារម្ភពីផែនការរបស់អ៉ីស្រាអែល វាយប្រហារកម្ទេចរោងចក្រ នុយក្លេអ៊ែរអ៉ីរ៉ង់។

បើតាមយោធាអ៉ីរ៉ង់ មីស៊ីលបាលិស្ទីគប្រភេទខុសៗគ្នាចំនួន១៦គ្រាប់ ត្រូវបានបាញ់សាកល្បងកម្ទេចគោលដៅដោយជោគជ័យ។

សមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងនោះរួមទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ និងគ្រូសមីស៊ីលបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍ នេះ។ យោធាអ៉ីរ៉ង់ជារឿយៗតែងតែអះអាងថាមីស៊ីលបាលិស្ទីគរបស់ខ្លួនអាចបាញ់បានក្នុងចម្ងាយ ២,០០០គីឡូម៉ែត្រ ដែលចម្ងាយនេះគឺសមល្មមអាចកម្ទេចមូលដ្ឋាន របស់អ៉ីស្រាអែល និងអាមេរិកនៅក្នុងតំបន់៕

ប្រភព៖ Reuters