ភាគខាងកើតប្រទេសភូមា ប្រទះឃើញ​សាកសពមនុស្ស ចំនួនជាង​៣០នាក់​ ដែល​ឆេះខ្លោច​​នៅ​ក្នុង​រថយន្ត​ សង្ស័យយោធាភូមាធ្វើរឿងនេះ

នៅថ្ងៃសោរ៍ទី២៥ធ្នូ​ រូបថតជាច្រើនសន្លឹក ត្រូវបាន​គេបង្ហោះតៗគ្នា នៅតាមបណ្តាញសង្គមនៅភូមា ដែលគេឃើញរថយន្តដឹកអ្នកដំណើរ ចំនួន​យ៉ាងហោច៣គ្រឿង បានឆេះសល់តែគ្រោងឆ្អឹងដែក។ ហេតុការណ៍​បានកើតឡើង នៅស្រុក ​Hpruso រដ្ឋកាយ៉ាហ (Kayah) ជារដ្ឋភាគខាងកើតភូមា ជាប់ព្រំដែនខេត្តមែហុងសន ប្រទេសថៃ។

ក្រុមប្រដាប់អាវុដឈ្មោះ កម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រឆាំងរបបសិកភូមា នៅក្នុងរដ្ឋកាយ៉ាហ​នេះ បានអះអាងថា សមាជិកខ្លួន បាន​ប្រទះឃើញរថយន្តឆេះទាំងនេះ នៅព្រឹកថ្ងៃសៅរ៍ទី២៥ធ្នូ ដោយ​ក្នុងរថយន្តទាំងនោះ គេបាន​ឃើញលលាដ៍ក្បាលមនុស្ស យ៉ាចហោច​២៧​នាក់។ ដោយសារតែសាកសពឆេះខ្លោចខ្លាំងពេក​ ធ្វើឲ្យ​គេមិនអាចដឹងចំនួន ​ថាមានសាកសពមនុស្ស ប៉ុន្មាននោះទេ។

ដោយឡែក ផ្អែកតាមប្រភពពីអង្គការ Myanmar Witness បានឲ្យដឹងថា គឺមានមនុស្សចំនួន​៣៥នាក់ បានស្លាប់ នៅក្នុងហេតុការណ៍នេះ ដោយ​ក្នុងនោះ មានទាំងស្ត្រីនិងកុមារផងដែរ។ អង្គការនេះ បាន​អះអាងថា គឺក្រុមកងទ័ពជាតិភូមា ដែលបានធ្វើសកម្មភាពព្រៃផ្សៃនេះ កាលពីថ្ងៃទី​២៤ធ្នូ។

អ្នកយកព័ត៌មានបារាំងAFP ប្រចាំនៅភូមាបានទទួលការបំភ្លឺ ពីលោក Zaw Min Tun អ្នកនាំពាក្យរបបសិកភូមា ដោយ​លោកម្នាក់នេះ បានបញ្ជាក់ថា ពិតជាមានករណីផ្ទុះអាវុធមែន នៅចំណុចស្រុក ​Hpruso ក្នុង​រដ្ឋកាយ៉ាហ កាលពីថ្ងៃសុក្រទី​២៤ធ្នូ។ អ្នកនាំពាក្យ​រូបនេះ បានអះអាងថា ការផ្ទុះអាវុធនេះ បានកើតឡើងបន្ទាប់ពី​កម្លាំងកងទ័ពភូមា បានព្យាយាមឃាត់រថយន្តដឹកអ្នកដំណើរ ដែលគួរឲ្យសង្ស័យ។ ដោយ​មិនលំអិតឲ្យ​បានច្បាស់ អ្នកនាំពាក្យរូបនេះ លើកឡើងថា កងទ័ពបានបាញ់និងបណ្តាលឲ្យស្លាប់មនុស្សមួយចំនួន ក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា ភូមាបានធ្លាក់ទៅក្នុងភាពវឹកវរនយោបាយ និង​អន្តិសុខជាខ្លាំង បន្ទាប់ពីកងទ័ព បានធ្វើ​រដ្ឋប្រហារយោធា នៅថ្ងៃទី​១កុម្ភៈ ឆ្នាំ២០២១។ ក្រុមឧទ្ទាមជនជាតិភាគតិច និង​ក្រុមប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសប្តេជ្ញាតតាំង ជាមួយនឹងការវិលត្រលប់មកវិញ នៃរបបសិកផ្តាច់ការ។ យោងតាមអង្គការសមាគមជួយអ្នកទោសនយោបាយភូមា (AAPP) គិតមកត្រឹមពេលនេះ មានប្រជាជនស្លូត​ត្រង់​ប្រមាណ​១៣០០នាក់ហើយ ដែលបានស្លាប់ ដោយការបង្ក្រាប​បាតុកម្ម និង​ករណី​ផ្ទុះអាវុធផ្សេងៗ៕