រថយន្តម៉ាក Ford Ranger បើកលឿនដូចហោះ ជ្រុលទៅបុកពីក្រោយម៉ូតូ PCX បណ្តាលឲ្យប្តីប្រពន្ធ២នាក់ ប៉ើងទៅផ្ទប់ពីក្រោយរថយន្តព្រូស បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ÷ នារីម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក ford ranger មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានជ្រុលទៅបុកពីក្រោយម៉ូតូ PCX ជិះដោយប្តីប្រពន្ធ២នាក់ឌុបគ្នា ប៉ើងទៅផ្ទប់ពីក្រោយរថយន្តព្រូស បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែកតៃកុងត្រូវសមត្ថកិច្ចដេញឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃអាទិត្យទី ២៦ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូម៉ាក PCX មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1HL-4604 ឌុបគ្នាជិះតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុ ស្តុប២៤ម៉ោង ស្រាប់តែមានរថយន្តបង្កម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BB-9444 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ក្នុងរថយន្តធ្វើដំណើរ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ស្របគ្នាទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ PCX ចំពីក្រោយពេញទំហឹង ប៉ើ.ងទៅផ្ទ.ប់ពីក្រោយរថយន្តម៉ាកព្រូស ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BB-5241 ធ្វើដំណើរស្របគ្នា នៅពីខាងមុខ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូស រងការខូចខាតពីក្រោយយ៉ាងធ្ងន់ធ្ងរ រីឯម៉ូតូជនរងគ្រោះ រងការខូចខាតរួញចូលគ្នា ចំណែករថយន្តបង្កវិញ នៅមិនទាន់អស់ល្បឿន បន្តទៅបុករបងការ៉ាស់សាំង លីហៀងអស់ជាច្រើនផ្ទាំង ទើរទៅមុខលែងរួច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់បានឃាត់នារី ជាអ្នកបើករថយន្តបង្ក រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្ត២គ្រឿង និងម៉ូតូជនរងគ្រោះ១គ្រឿងទៀត យកទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕