ពិភពលោកខាតប្រាក់អស់ ១៧០ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ ក្នុងឆ្នាំ២០២១នេះ

(ប៉ារីស)៖ គ្រោះមហន្តរាយធម្មជាតិធំៗទាំង១០ នៅក្នុងឆ្នាំ២០២១នេះ បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាត គិតជាទឹកប្រាក់ ១៧០ពាន់លានដុល្លារ ឬច្រើនជាង ២០ពាន់លានដុល្លារ បើធៀបទៅនឹងកាលពីឆ្នាំ២០២០។ បើតាមអង្គការ UK charity Christian Aid។

អង្គការ UK charity Christian Aid មានមូលដ្ឋានក្នុងចក្រភពអងគ្លេស បានឱ្យដឹងដែរថាកាលពីឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាតគិតជាទឹកប្រាក់ស្មើនឹង ១៥០ពាន់លានដុល្លារ ឬកើនឡើង១៣ ភាគរយនៅក្នុងឆ្នាំ២០២១នេះ។ ក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២១នេះ ដែលបង្កការខូចខាតធ្ងន់ធ្ងរជាងគេ នោះគឺព្យុះ hurricane Ida។ ព្យុះមួយនេះបានវាយប្រហារលើ តំបន់ភាគខាងកើតសហរដ្ឋអាមេរិក ដោយបង្កការខូចខាត និងការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹង ៦៥ពាន់លានដុល្លារ ខណៈគ្រោះទឹកជំនន់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក កាលពីខែកក្កដាកន្លងទៅនេះ បង្កការខាតបង់ ៤៣ពាន់លានដុល្លារ។

បន្ថែមពីលើនេះ គ្រោះមហន្តរាយទាំងនេះទៀតសោតដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុបង្កឡើងដោយស្នាដៃមនុស្ស ក៏បានផ្ដាច់ជីវិតយ៉ាងហោច ១,០៧៥នាក់ និងបង្ខំឱ្យមនុស្ស ១.៣លាននាក់ចាកចេញពីផ្ទះសម្បែងផងដែរ៕

ប្រភព៖ Reuters