ជូនពរឆាប់ជា! សមាជិក BTS ៣នាក់ ស្រាប់តែឆ្លងកូវីដ-១៩ ពេលត្រឡប់មកពីអាមេរិក

(កូរ៉េ)៖ សមាជិកក្រុម BTS ចំនួនបីនាក់ហើយ បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ដោយអ្នកតេស្តឃើញដំបូងគេគឺសមាជិកឈ្មោះ Suga (ស៊ូហ្កា) ហើយមួយថ្ងៃក្រោយមកសមាជិកឈ្មោះ RM (អរ អេម) និងសមាជិកឈ្មោះ Jin (ជីន) ក៏បានតេស្តវិជ្ជមានដូចគ្នា។

ការតេស្តវិជ្ជមាននេះគឺបន្ទាប់ពីក្រុម BTS បានវិលត្រឡប់មកទឹកដីប្រទេសកូរ៉េខាងត្បូងវិញ ក្រោយពីពួកគេបានរៀបចំកម្មវិធីប្រគំតន្ត្រីផ្ទាល់នៅសហរដ្ឋអាមេរិក និងបានបំពេញសកម្មភាពជាច្រើនទៀតពេលនៅសហរដ្ឋអាមេរិក។យ៉ាងណាក្ដី ក្រុមហ៊ុន Big Hit Music បាននិយាយថាសមាជិកទាំងបីដែលបានតេស្តវិជ្ជមានគឺសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានចំនួនពីរដូសរួចមកហើយ ដោយបានចាក់កាលពីខែសីហាកន្លងទៅ។

មានការចូលរួមពីអ្នកទស្សនាជាង ២សែននាក់ ការប្រគំតន្ត្រីនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះគឺជាការប្រគំតន្ត្រីជាលើកដំបូងរបស់ក្រុម BTS (ប៊ីធីអេស) នៅអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៩មក ហើយក៏ជាការប្រគំតន្ត្រីផ្ទាល់ជាលើកដំបូងរបស់ពួកគេដែឬក្រោយផ្ទុះជំងឺរាតត្បាតកូវីដ១៩៕