រដ្ឋបាលជលផលបានឱ្យដឹងថា ផលជលផលឆ្នាំ២០២១ មានការថយចុះ ៨,៥៣ភាគរយ

រដ្ឋបាលជលផលបានឱ្យដឹងថា ផលជលផលឆ្នាំ២០២១ មានការថយចុះ៨,៥៣ភាគរយ ដែលបណ្តាលមកពីកត្តា មួយចំនួន រួមមាន បម្រែបម្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ ភ្លៀង ផ្គរ ជាញឹកញយ ពិសេសកម្ពស់ទឹកទាប ដែលធ្វើឱ្យត្រីមិនអាចពងកូន បាន។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា ក្នុងឆ្នាំ២០២១ បរិមាណផលនេសាទសរុបទាំង ៣ផ្នែក រួមមាន ផលនេសាទសមុទ្រ ផលនេសាទទឹកសាប និងផលវារីវប្បកម្ម សរុបទាំងអស់ចំនួន៨៥៦,៤០០ តោន ដែលថយចុះ ៨,៥៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណ:ដែលឆ្នាំមុនទទួលបាន៩៣៦,៣០០តោន។ ឯកឧត្តម បានបន្តថា វិសាលភាពនៃកម្រិតទឹក ក្នុងបឹងទន្លេសាប ទន្លេមេគង្គមានកម្រិតទាប និងការប្រែប្រួលអាកាសធាតុផ្សេងៗ ទើបក្នុងឆ្នាំនេះទឹកក្នុងបឹងធម្មជាតិសំខាន់ៗ ទឹកឡើងយឺត ខុសពីធម្មតា ដែលធ្វើឱ្យត្រីមិនសូវសម្បូរ មានទំហំតូច និងមិនត្រូវស្តង់ដារនេសាទ។ សំឡេង៖«ជារួមគឺផលនេសាទនៅទឹកសាបក្នុងឆ្នាំ២០២១ នេះគឺចំនួន ៣៨៣,០៥២តោន ផលនេសាទសមុទ្រគឺសរុប ១២៥,០០០តោន ហើយវារីវប្បកម្មហ្នឹងគឺចំនួន ៣៤៨,៣៤៨តោនជារួមឆ្នាំនេះមានការថយចុះ ៨,៥៣% ការថយចុះនេះគឺដោយសារទី១គឺស្ថានភាពទឹក ត្រីគឺត្រូវការសំខាន់ផលិតទឹក បើទឹកតូចត្រីតិចហើយដោយសារតែឆ្នាំនេះគឺទឹកឡើងយឺតខុសធម្មតា ខុសឆ្នាំមុនៗ»។

ឯកឧត្តម បានបន្ថែមថា ទោះបីនៅតាមបឹងធម្មជាតិធំៗ មានទឹករាក់ធ្វើឱ្យត្រីមិនសូវសម្បូរ ប៉ុន្តែឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យត្រី នៅតាមវាលស្រែ មានការកើនឡើង ។

ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីស្ថានភាពទឹក កិច្ចការអភិរក្សធនធានមច្ឆជាតិ គឺជាកត្តាដ៏សំខាន់ សម្រាប់រដ្ឋបាលជលផល បន្តផ្សព្វផ្សាយច្បាប់ ជលផល ដល់ប្រជានេសាទ ឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាថែរក្សាអភិរក្សព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងជា ជម្រកជីវៈចម្រុះផងដែរ៕