សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងពាក់ព័ន្ធពិនិត្យលទ្ធភាពលុបបំណុលថ្លៃអគ្គិសនី ដែលក្រសួងការពារជាតិជំពាក់ជាង ៩ពាន់លានរៀល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំដល់ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យពិនិត្យលទ្ធភាពក្នុងការលុបបំណុលថ្លៃអគ្គិសនី ដែលក្រសួងការពារជាតិជំពាក់ជាង ៩ពាន់លានរៀល ឬស្មើនឹងជាង២លានដុល្លារអាមេរិក ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែននេះ ក្រោយពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាតិ បានស្នើសុំមកកាន់សម្តេចតេជោ លុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ដែលជាបំណុលរយៈពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ រហូតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១ ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតម្រូវ ការច្រើន ស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា ។  « សុំឱ្យអគ្គិសនីកម្ពុជាធ្វើការពិនិត្យថា តើអគ្គិសនីកម្ពុជាអាចនឹងលុបបំណុលបានប៉ុន្មាន ហើយក្រៅពីនោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងចេញប៉ុន្មាន អាចចែកគ្នាចេញ ម្ខាងគឺខាងក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលជាអ្នកម្ចាស់បំណុល ព្រោះយើងជាកូនបំណុលរបស់អគ្គិសនីកម្ពុជាទេ អ៊ីចឹងបានឱ្យអគ្គិសនីកម្ពុជាថា តើអាចមានលទ្ធភាពលុបចោលបំណុលទាំងជាង៩ពាន់លាន ដែលស្មើហ្នឹងជាង ២លានដុល្លារនេះទាំងស្រុងឬក៏អាចជួយលុបពាក់កណ្ដាលឬ ៧០ ភាគរយ ហើយក្រៅពីនោះបំពេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុន្តែខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ទេ » ។

សម្ដេចតេជោបន្តថា ពេល មុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេហ្គាវ៉ាត់ នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនី ច្រើនជាង៣០មេហ្គាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃ ក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំសំចៃ នូវថវិកាទាំងនោះ ។ ការសន្សំសំចៃអគ្គិសនី គឺជាផ្នែកមួយក្នុងការប្រឆាំងនឹងភាពខ្ជះខ្ជាយ ហើយគ្រប់អង្គភាពទាំងអស់ សុទ្ធតែមានលទ្ធភាពក្នុងការសន្សំ សំចៃអគ្គិសនីនេះ ៕