ចិន ព្រមានជាថ្មីថានឹងប្រើកម្លាំងយោធា បើតៃវ៉ាន់ដើរហួស «បន្ទាត់ក្រហម» ប្រកាសឯករាជ្យ

(ប៉េកាំង)៖ ចិននឹងប្រើវិធានការក្តៅភ្លាមៗ ក្នុងនោះមានទាំងការប្រើកម្លាំងយោធា ប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅទៅរកការប្រកាសឯករាជ្យ។ នេះជាការព្រមាន របស់មន្រ្តីមួយរូបនៃរដ្ឋាភិបាលទីក្រុងប៉េកាំង។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន ធ្វើការព្រមានបែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃពុធ ទី២៩ ខែធ្នូនេះ ជាមួយការបញ្ជាក់ថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀត នៅក្នុងឆ្នាំ២០២២។ បើតាមលោក Ma ចិននឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួម ជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។ ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗ ប្រសិនបើតៃវ៉ាន់ដើរហួសបន្ទាត់ក្រហមណាមួយទាក់ទងនឹងការប្រកាសឯករាជ្យ ។

កោះតៃវ៉ាន់ត្រូវបានចិន ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតជាខ្លាំងទៅលើដែនកោះនេះ៕

ប្រភព៖ Reuters