ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្នុងពូលA នៃ U23 AFF Championship 2022

យោងតាមលទ្ធផលលទ្ធផលចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមម្ចាស់ផ្ទះកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយទីម័រខាងកើត ហ៊្វីលីពីន និងព្រុយណេ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (U23 AFF Championship 2022) ដោយមាន១១ប្រទេសគ្រោងនឹងប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។

ចំពោះពូល B មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មាន៣ក្រុម គឺថៃ វៀតណាម និងសិង្ហបុរី។ សូមបញ្ជាក់ថា នេះជាមោទនភាពជាតិ ដែលពហុកីឡដ្ឋានជាតិមរតកតេជោទទួលធ្វើម្ចាស់ផ្ទះដំបូង ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ នេះក៏ជាគោលដៅ នៃការត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។