អាជ្ញាធរជាតិអប្សរា៖ អ្នកដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ អំពីប្រវត្តិប្រាសាទនានា ត្រូវដាក់ពាក្យស្នើសុំ

 អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការថតវីដេអូផ្សាយបន្តផ្ទាល់ ក្នុងរមណីយដ្ឋានអង្គរ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាជាមុន ដោយត្រូវភ្ជាប់មកជាមួយនូវខ្លឹមសារ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ ដើម្បីឱ្យ ដំណើរការថតផ្សាយបានរលូនស្របតាមខ្លឹមសារនៃបា្រសាទបុរាណ នីមួយៗ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីបញ្ចៀសនូវកំហុសឆ្គង ដោយអចេតនាឬធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជា បេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មេត្តាដាក់សំណើសុំ មកអាជ្ញាធរជាតិអប្សរាជាមុន ដោយភ្ជាប់មកជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។ លោកបន្តថា ការសម្រេចបែបនេះ ក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវការផ្សព្វផ្សាយមួយ ដែលមានភាពត្រឹមត្រូវ អំពីប្រវត្តិរបស់ប្រាសាទនីមួយៗ ប៉ុន្តែក្នុងករណីភ្ញៀវទេសចរ ដែលធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ អំពីសកម្មភាពរបស់ខ្លួន ឬរូបភាពរបស់ប្រាសាទមិនត្រូវបានហាមឃាត់ឡើយ។

លោកបន្តថា ចំពោះការស្នើសុំថតផ្សាយបន្តផ្ទាល់ អំពីប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលមានលក្ខណៈផ្សព្វផ្សាយជាសាធារណៈ ដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឱ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើសុំថតលក្ខណៈអាជីវកម្ម ដែលតម្រូវឲ្យអនុវត្ត តាមនីតិវិធី និងគោលការណ៍ដែលបានកំណត់ដោយអាជ្ញាធរជាតិអប្សរា។