ស្ងាត់ពីវិស័យចម្រៀងមួយរយៈពេល ពេលនេះ កញ្ញា វ៉ាន់ នីឡា សម្រេចចូលសិល្បៈវិញ

(ភ្នំពេញ)៖ ក្រោយសម្ងំអស់ពេលប៉ុន្មានឆ្នាំក្រោយពេលដែលនាងបានជួបរឿងរ៉ាវពេលកន្លងទៅ នៅទីបំផុត តារាចម្រៀងនាង វ៉ាន់ នីឡា បានសម្រេចវិលមករកអាជីពសិល្បៈចម្រៀងរបស់ខ្លួនឡើងវិញហើយ។

ជាការកត់សម្គាល់ មូលហេតុចម្បងដែលបានធ្វើឲ្យស្រីស្អាត វ៉ាន់ នីឡា សម្រេចចិត្តវិលវិញនាពេលនេះ ដោយសារតែនាងសម្លឹងឃើញពីការគាំទ្ររបស់ទស្សនិកជនចំពោះរូបនាងនៅតែមានសន្ទុះច្រើនគួរសម។ នៅលើបណ្ដាញសង្គមរបស់នាងមានការបង្ហោះចំណងបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា «មិនចង់ខូចចិត្តដដែលៗ និងប្រាប់ថា ចង់ចាកចេញពីកន្លែងកន្លងមកដែលធ្លាប់មានគេស្គាល់ថាជា «វ៉ាន់នីឡា» ។

ការវិលមកកាន់អាជីពសិល្បៈជាថ្មីរបស់ វ៉ាន់ នីឡា គឺមិនស្ថិតនៅក្នុងផលិតកម្មចាស់របស់នាងឡើយ ពោលគឺជាផលិតកម្មផ្ទាល់ខ្លួនតែម្តង។ ទោះជាយ៉ាងណា មហាជនរំពឹងថា តាមរយៈការវិលមកកាន់ក្បាលមេក្រូជាថ្មីរបស់នាង វ៉ាន់ នីឡា នាពេលនេះ នាងនឹងនៅតែអាចឆក់យកការគាំទ្រពីទស្សនិកជនដដែល បើទោះបីជានាងបានបាត់មុខអស់ជាច្រើនឆ្នាំ ក្រោយរងនូវរឿងរ៉ាវដ៏អាស្រូវនោះក៏ដោយ។

ការវិលវិញរបស់នាង ក៏មានការគាំទ្រពីសិល្បកររួមជំនាន់ និងរៀមច្បងជាច្រើន ដោយបានលើកទឹកចិត្តនាងឲ្យបង្ហាញសមត្ថភាពឡើងវិញ ឈប់សម្ងំលាក់ខ្លួនទៀតទៀតទៅ។ជាក់ស្ដែងដូចជាអ្នកនាង សុគន្ធ នីសា ក៏បានផ្ញើសារមកលើកទឹកចិត្ត និងជម្រុញនាងដោយផ្ទាល់ទៀតផង។ តាមរយៈការគាំទ្រលើកទឹកចិត្តទាំងនោះហើយ ធ្វើនាងមានភាពក្លាហានបង្ហាញមុខជាសារធារណៈឡើងវិញ៕