ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល១០ឆ្នាំខាងមុខ

ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយនៅក្នុងចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ។

ទស្សនាវដ្តី Forbes បានបញ្ជាក់ថា ៖ “ប្រទេសកម្ពុជា បានចាប់ផ្តើមបើកដំណើរការប្រទេសរបស់ខ្លួនឡើងវិញ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយការមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលមិនមានមនុស្សច្រើនកកកុញ គឺជារឿងដ៏អស្ចារ្យមួយ”។

ចំពោះទីកន្លែងដ៏ល្អផ្តាច់គេចំនួន ៩ទៀតនោះគឺ ទីក្រុង Bend នៃសហរដ្ឋអាមេរិក ទីក្រុង Cashel នៃប្រទេសអៀរឡង់ ប្រទេសកូស្តារីកា កោះ Galápagos នៃប្រទេសអេក្វាឌ័រ កោះ Grenada នៃដែនសមុទ្រការ៉ាបៀន ប្រទេសម៉ិកស៊ីកូ តំបន់ Patagonia នៃដែនគ្រប់គ្រងដោយប្រទេសអាហ្សង់ទីន និងឈីលី ប្រទេសព័រតូរីកូ និងតំបន់ប្រវត្តិសាស្រ្ត Transylvania នៃប្រទេសរ៉ូម៉ានី។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជាយើង ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរនោះ ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រាសាទដ៏ល្បីល្បាញបំផុតនៅក្នុងទ្វីបអាស៊ី។

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏ធំសម្បើមមួយ នៃរមណីយដ្ឋានអង្គរ ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២៕

Ancient Temple of Angkor Wat in Cambodia