នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ):នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមដំណើរដោយ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរួមមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និង សង្កាត់កាកាបទី១។
នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឲ្យបាន មួយភាគរយសម្រាប់ប្រជាពលរដ្ឋរស់ក្នុងនៅរាជធានីភ្នំពេញ។ ដោយឡែកនៅតំបន់ក្រហមកងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ ៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។
តាមរបាយការណ៍របស់អនុគណ:កម្មការ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតំបន់ក្រហមប្រមាណ ៥២ ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅបំណាច់ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជួបសំណេះសំណាល និង អប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងទាំងអស់ សុខចិត្តស៊ូទ្រាំរង់ចាំការលំបាក ប្រសើរជាងមិនបានចាក់វ៉ាក់សាំងការពារ។
ជាមួយនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានក្រើនរម្លឹកដល់ក្រុមប្រតិបត្តិការតាមបណ្ដាគោលដៅទាំងអស់ រួមទាំងប្រជាពលរដ្ឋផង ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសការអនុវត្តវិធានការសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។
បងប្អូនប្រជាពលរដ្ឋបានសំដែងមនោសញ្ចេតនាសប្បាយរីករាយជាអនេក ចំពោះការទទួលបានចាក់វ៉ាក់សាំងនាពេលនេះ ដែលជារបាំង​ជួយការពារខ្លួនពីការឆ្លង​ជំងឺកូវីដ-១៩ ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបានប្តេជ្ញាបន្តចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីយកឈ្នះ​ជំងឺកូវីដ-១៩ ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយនេះ៕
Facebook Notice for EU! You need to login to view and post FB Comments!