សហរដ្ឋអាមេរិក៖ ការ​វាយប្រហារ​យាយី​តូចតាច​​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​​មិន​បាន​ជះ​ឥទ្ធិពល​​ដល់​ការ​ដកទ័ព​របស់​​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ

(Reuter)​ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា​ “​ការ​វាយប្រហារ​យាយី​តូចតាច​”​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ចុង​ស​ប្តា​ហ៍​មិន​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​ដកទ័ព​របស់​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​ John​ Kirby​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ “​អ្វី​ដែល​យើង​បានឃើញ​គឺ​ ការ​វាយប្រហារ​រំខាន​បន្តិចបន្តួច​នៅ​ចុង​ស​ប្តា​ហ៍​ដែល​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ វា​ពិតជា​មិន​ប៉ះពាល់​ដល់​ប្រជាជន​ ឬ​ធនធាន​របស់​យើង​នៅ​ទីនោះ​ និង​មូលដ្ឋានទ័ព​នោះ​ទេ​”​ ។​

​កាលពី​ថ្ងៃ​សៅរ៍​ មេបញ្ជាការ​នៃ​កងកម្លាំង​បរទេស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា​ វា​ជា​កំហុស​មួយ​សម្រាប់​ក្រុម​បះបោរ​ក្នុង​ការ​វាយប្រហារ​កងទ័ព​បរទេស​ដែល​មាន​វត្តមាន​ ក្រោយ​ថ្ងៃ​កំណត់​នៅ​ថ្ងៃ​ ១​ ឧសភា​សម្រាប់​ការ​ដកទ័ព​ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​មុន​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ក៏​ដោយ​។​

​ការ​អត្ថាធិប្បាយ​របស់​នាយ​ឧត្តមសេនីយ៍​សហរដ្ឋអាមេរិក​លោក​ Scott​ Miller​ បាន​ធ្វើ​បន្ទាប់​ពី​អ្នកនាំពាក្យ​កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ពិពណ៌នា​ថា​ជា​ “​ការ​បាញ់​ដោយ​គ្មាន​គោលដៅ​ និង​គ្មាន​ប្រសិទ្ធភាព​”​ នៅ​ឯអាកាស​យានដ្ឋាន​មួយ​ក្នុង​ក្រុង​ Kandahar​ ដែល​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ ឬ​ខូចខាត​អ្វី​ឡើយ​។​ ក្រុម​តា​លី​បង់​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើរ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ ទៅ​លើ​ការ​ជាប់​ពាក់ព័ន្ធ​ ឬ​យ៉ាងណា​នោះ​ទេ​។​

​ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ថា​ក្រុម​បះបោរ​តា​លី​បង់​បាន​វាយប្រហារ​ទីតាំង​កងទ័ព​មួយ​នៅ​ក្នុង​ខេត្ត​ Farah​ នា​ភាគ​និរតី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​បាន​សម្លាប់​ទាហាន​យ៉ាងតិច​ ៧​ នាក់​ ៕

 

Facebook Notice for EU! You need to login to view and post FB Comments!