ប្រទេស​អេហ្ស៊ីប​បាន​បញ្ជាក់​ពី​ការ​ទិញ​យន្តហោះចម្បាំង និង​គ្រឿងសព្វាវុធ​បារាំង​ដែល​មាន​​តម្លៃ​សរុប ៣ ៩៥០លានដុល្លារ

កុងត្រា​ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​របស់​បារាំង​ចំនួន ៣០គ្រឿង​បន្ថែម​ទៀត​ពី​អេហ្ស៊ីប​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អេហ្ស៊ីប​នា​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៤ ឧសភា​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អេហ្ស៊ីប​រូប​នេះ​ដដែល កុងត្រា​ទិញ​យន្តហោះចម្បាំង និង​គ្រឿងសព្វាវុធ​បារាំង​ដែល​មាន​ទឹកប្រាក់​ចំនួន ៣ ៩៥០លានអឺរ៉ូ​ត្រូវ​បាន​បារាំង​ជួយ​សម្រួល​ឲ្យ​មាន​ការ​បង់​រំលួស​ជា​ដំណាក់ការ​សម្រាប់​រយៈពេល ១០ឆ្នាំ។ សូម​រម្លឹក​ថា អេហ្ស៊ីប​ដែល​ជា​ប្រទេស​ដំបូង​គេ​បំពាក់​យន្តហោះ​ចម្បាំង​បារាំង​រ៉ាហ្វាល់​ធ្លាប់​បាន​ទិញ​លើកទី១ ចំនួន ២៤គ្រឿង​កាល​ពី​ឆ្នាំ ២០១៥។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទំនាក់ទំនង​រវាង​ក្រុង​ប៉ារីស និង​ក្រុង​គែរ​ដែល​ធ្លាប់​ល្អ​ប្រសើរ​ហាក់​បាន​ធ្លាក់​ចុះ​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ប្រទេស​អេហ្ស៊ីប​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩។ កាល​ណោះ លោក​ម៉ាក្រុង​បាន​ធ្វើ​ការ​រិះគន់ ទិតៀន​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​ពី​ការ​រំលោភសិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប។ តែ​ភាព​រកាំរកូស​មួយ​នេះ​បាន​បិទបញ្ចប់​វិញ​ហើយ ព្រោះ​ជិត ២ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ លោក​ម៉ាក្រុង​បាន​ថ្លែង​ថា លោក​នឹង​មិន​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​ការពារ​របស់​បារាំង​ទៅ​នឹង​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​រឿង​ផ្សេង​ទេ។

នៅ​ពេល​នោះ លោក​ម៉ាក្រុង​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​ក្នុង​ប្រទេស​បារាំង និង​ដែល​នា​ឱកាស​នោះ លោក​ម៉ាក្រុង​បាន​បំពាក់​មេដាយ​កិតិ្តយស​ឲ្យ​លោក​អាល់ស៊ីស៊ី។ សម្រាប់​ក្រុង​ប៉ារីស ក្រៅ​ពី​ជា​អតិថិជន​ទី៤ ដែល​បាន​ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​បារាំង អេហ្ស៊ីប​ក៏​ជា​សម្ព័ន្ធមិត្ត​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ដែរ។ ក្រៅ​ពី​អេហ្ស៊ីប ប្រទេស​ក្រិក​បាន​កម្មង់ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​បារាំង​ចំនួន ១៨គ្រឿង ក្នុង​នោះ​មាន​ជំនំ ១២គ្រឿង ប្រទេស​ហ្វាំងឡង់​កំពុង​ចរចា​ទិញ ៦៤គ្រឿង ហើយ​ប្រទេស​ក្រូអាស៊ី និង​ប្រទេស​ស៊្វីស​កំពុង​ប្រៀបធៀប​រវាង​យន្តហោះចម្បាំង​រ៉ាហ្វាល់​បារាំង និង​យន្តហោះចម្បាំង​របស់​ប្រទេស​ផ្សេង​ទៀត៕

 

 

Facebook Notice for EU! You need to login to view and post FB Comments!