កងទ័ព បន្តប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

(ភ្នំពេញ) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។
តាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសបាន ឱ្យដឹងថា សម្រាប់ថ្ងៃនេះកងកម្លាំងចុះ ធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះខណ្ឌមានជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ៦៧០០គ្រួសារ រួមមាន អង្ករ ចំនួន៦៧០០បាវ, មីចំនួន៦៧០០កេស, ទឹកត្រីចំនួន៣៤០០យួរ, ទឹកស៊ីអ៊ីវ ចំនួន៣៣០០យួរ, និងត្រីខចំនួន៦៧០កេស។
ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង ជំនួសមុខឱ្យកងកម្លាំងទាំងអស់ បានប្តេជ្ញាចិត្ត អនុវត្តតាមបទបញ្ជា របស់ មេបញ្ជាការកងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ គាំទ្រនិងអនុវត្តតាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលលោកបានខិតខំគ្រប់បែបយ៉ាង ដាក់ចេញនូវវិធានការនានា ក្នុងការគ្រប់គ្រង និងដោះស្រាយជំនួយឧបត្ថម ជូនប្រជាពលរដ្ឋ ក្នុងគ្រាជួបទុក្ខលំបាកនេះ។
ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ឱ្យមានការអត់ធ្មត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងសូមកុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ហើយកងកម្លាំងទាំងអស់គឺខិតខំចូលរួម ដើម្បីជួយដឹកជញ្ជូនស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយើងរួមគ្នាឈានទៅកាត់ផ្តាច់ទាំងស្រុង ការចម្លងមេរោគកូវីដ-១៩ពីកម្ពុជា៕
Facebook Notice for EU! You need to login to view and post FB Comments!