កូវីដ-១៩៖ រដ្ឋាភិបាលឥណ្ឌា​ និយាយថា​ករណី​ឆ្លង​កំពុង​ថយចុះ តែក្រុមអ្នក​ជំនាញ​​ថា​អ្នក​ឆ្លង​ពិត​ប្រាកដ​​ មានច្រើនជាង​តួលេខ​ផ្លូវការ​

បើតាម​របាយការណ៍​ផ្លូវការ​ ករណី​ឆ្លងកូវីដថ្មី​នៅក្នុង​ប្រទេសឥណ្ឌា​ ធ្លាក់ថយ​ចុះមកវិញ​បន្តិច​នៅប៉ុន្មា​នថ្ងៃ​ថ្មីៗនេះ​ ដោយ​ថយ​ពីចំនួន​ជាង​ ៤០០ ០០០ ករណី​កាលពី​ថ្ងៃសុក្រ ទី៣០​ មេសា​ មកជាង​ ៣០​០ ០០០ករណី​ជាប់ៗ​គ្នា​ ៣-៤ ថ្ងៃ​កន្លង​មក​នេះ​។

ជាការពិត​ គេសង្កេតឃើញថា​ នៅសប្តាហ៍ចុងក្រោយនេះ​ ករណី​ឆ្លង​កូវីដ​ថ្មី​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ​ ជាមធ្យម​នៅក្រុងដែលី​ រដ្ឋអ៊ូតា​ ប្រាដេស​ (Uttar Pradesh) និង​ រដ្ឋ​ម៉ាហារ៉ាសត្រា (Maharashtra) ដែល​សុទ្ធតែជា​ចំណុចក្តៅ​ផ្ទុះមានការ​ឆ្លងរាតត្បាតកូវីដ​ខ្លាំង​។

ក៏ប៉ុន្តែ​ ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល ​បាន​លើកឡើង​ថា​ អ្នក​ឆ្លង​ពិត​ប្រាកដ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ​មានច្រើនជាង​តួលេខ​ផ្លូវការ​ ពោលគឺ​អាច​មាន​ចំនួន​ច្រើនជាង​តួលេខ​ផ្លូវការ ​ពី ៥ ទៅ ១០ ដង​។ ចំណែក​ឯអ្នក​ស្លាប់វិញ​ អាច​មាន​ខ្ពស់​ជាង​តួលេខផ្លូវការពី​ ២ ទៅ ៥ ដង​ឯណោះ​។

សព្វថ្ងៃនេះ​ ការធ្វើតេស្ត​រកជំងឺកូវីដនៅតាមបណ្តាក្រុងនានា​របស់​ប្រទេស​ឥណ្ឌា​ មិនទាន់​មានលក្ខណៈ​ទូលំទូលាយ​ដូចគ្នានោះទេ​ ហើយនៅក្រុងខ្លះ​ដូចជា​ក្រុងដែលី​ជាដើម​ ការ​ធ្វើតេស្តរក​កូវីដ​បានធ្លាក់ចុះ​នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​។

ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ការ​ធ្វើតេស្ត​នៅមិន​ទាន់​គ្រប់គ្រាន់​ ដូច​ពេលបច្ចុប្បន្ននេះ​ គេយល់ឃើញថា​ វាហាក់បីដូចជា​ឆាប់រហ័សពេក​ ក្នុង​ការ​និយាយថា​ ករណី​ឆ្លង​កូវីដ​នៅ​ឥណ្ឌា​មាន​ការថយចុះ​នោះ​។

Facebook Notice for EU! You need to login to view and post FB Comments!