ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស ចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ

គិតត្រឹមរយៈពេលបីថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស នៃកងទ័ពជើងគោក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមដូសទី១ ជូនប្រជាពលរដ្ឋ មានចំនួន ១០,៦២០នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ។
នេះបើយោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ត្រី ហ្វីន សុខ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទទួលបន្ទុកចាក់វ៉ាក់សាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
លោកមេបញ្ជាការរង បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការទ្រុងទ្រាយធំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ តំបន់ ក្រហមដែលស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ, បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានទទួលបន្ទុកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួន ២មណ្ឌល ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះ មណ្ឌលទី១ នៅសង្កាត់ចោមចៅ៣ (នៅក្នុងទីបញ្ជាការ ការពារអាកាស កងទ័ពជើងគោក) ចាក់ជូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងនិយោជិត ភូមិព្រៃទា១ និងភូមិព្រៃទា២ ហើយមណ្ឌលទី២ នៅសង្កាត់កាកាបទី២ (ស្ថិតនៅក្នុងវត្តតាំងកសាងខាងជើង) ដែលបានចាក់ជូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងនិយោជិក មានចំនួន ៥ភូមិផងដែរ សរុបទាំងពីរមណ្ឌល មានប្រជាពលរដ្ឋជាង៣ម៉ឺននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងត្រូវមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ។
យុទ្ធនាការនេះមានកិច្ចសហការល្អពី អាជ្ញាធរមូលដ្ឋាន និងមាន ការចាត់ចែងឱ្យបងប្អូនដែលមាន អាយុ១៨ ឆ្នាំ ឡើង មកទទួលយកការចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនិមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះ មនុស្ស ដែលអាចជាការបង្ក ហានិភ័យនៃការចម្លងជំងឺកូវីដ -១៩ ។ ការចាក់ វ៉ាក់សាំងកូវីដ -១៩ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនទទួល វ៉ាក់សាំងកូវីដ -១៩នេះគ្រប់ៗគ្នា ។
នៅព្រឹកថ្ងៃទី៤ ខែឧសភានោះដែរ ឧត្តមសេនីយ៍ឯក ស ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាកសាំង បញ្ជាការដ្ឋានកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាព និងកិច្ចដំណើរការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស នៃកងទ័ពជើងគោក ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ ជូនប្រជាពលរដ្ឋទាំង ២មណ្ឌលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នេះផងដែរ។
ឧត្តមសេនីយ៍ឯក ស ស៊ីនឿន និងឧត្តមសេនីយ៍ទោ សុខ ប៉ាង សុទ្ធតែបាន វាយតម្លៃ ខ្ពស់ ចំពោះ សកម្មភាព ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅ តំបន់ក្រហម នឹងកាត់បន្ថយបាននូវ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតំបន់នោះផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង ត្រូវពាក់ ម៉ាស់ ការរក្សា គម្លាត ធ្វើអនាម័យ ពិសេសអនុវត្តឲ្យបាននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ។
សូមបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្រហមគឺបានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅដោយផ្តើមចេញពីតំបន់ក្រហម។ ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១០ម៉ឺន នាក់៕
Facebook Notice for EU! You need to login to view and post FB Comments!