ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ប្រាប់អោយហរដ្ឋអាមេរិក​ថា​ ត្រូវការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​

(Reuter)​ កាលពី​ថ្ងៃ​អង្គា​រ៍​ ឯកអគ្គរដ្ឋទូត​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​សភា​សហរដ្ឋអាមេរិក​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គួរតែ​ផ្តោត​លើ​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​របស់​រដ្ឋ​ និង​ធនាគារ​រដ្ឋ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​។​

​ឯកអគ្គរដ្ឋទូត​លោក​ Kyaw​ Moe​ Tun​ តំណាង​របស់​តំណាងរាស្ត្រ​ដែល​ជាប់​ឆ្នោត​ប្រឆាំង​នឹង​របប​យោធា​របស់​មី​យ៉ា​ន់​ម៉ា​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​នា​ថ្ងៃ​ទី​ ១​ ខែកុម្ភៈ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។​
​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Biden​ បាន​បដិសេធ​មិន​ទទួលស្គាល់​រដ្ឋប្រហារ​ និង​ដាក់​ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ក៏​ដូច​ជា​សមាជិកគ្រួសារ​ និង​អាជីវកម្ម​មួយ​ចំនួន​ដែល​ផ្តល់​ ចំណូល​ឲ្យ​ពួក​គេ​។​

​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​ថា​ ក្រៅពី​ធនាគារ​ Myawaddy​ និង​ធនាគារ​ Innwa​ ដែល​គ្រប់គ្រង​ដោយ​យោធា​ សហរដ្ឋអាមេរិក​គួរតែ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​មី​យ៉ា​ន់​ម៉ា​ (MFTB)​ និង​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ (MOGE)​របស់​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ ។​

​ក្រុមហ៊ុន​ MOGE​ ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​ឧស្ម័ន​នៅ​ឯ​សមុទ្រ​ដែល​ជា​ការ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​រួម​ទាំង​ក្រុមហ៊ុន​ Chevron​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ក្រុមហ៊ុន​តូ​តា​ល់​របស់​បារាំង​ផង​ដែរ​ ហើយ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​មី​យ៉ា​ន់​ម៉ា​ (MFTB)​ ធ្វើ​ប្រតិបត្តិការ​ជា​រូបិយប័ណ្ណ​បរទេស​សំរាប់​រដ្ឋាភិបាល​ភូមា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ ក្រុម​តស៊ូ​មតិ​របស់​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​និយាយ​ថា​ កម្លាំង​សន្តិសុខ​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​ ៧៦៦​ នាក់​ចាប់តាំងពី​រដ្ឋប្រហារ​ដែល​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ទូ​ទាំង​ប្រទេស​៕